ជប៉ុនស៊ីអូស្ត្រាលីកក់កៅអីជុំផ្ដាច់ព្រ័ត្រ World Cup 2022 នៅកាតារ
ក្រុមបាល់ទាត់ជម្រើសជាតិជប៉ុនទទួលបានកៅអីទៅចូលរួមជុំចុងក្រោយព្រឹត្តិការណ៍ FIFA World Cup 2022 ក្រោយឈ្នះអូស្ត្រាលី ដោយលទ្ធផល០ទល់នឹង២ ក្នុងការប្រកួតប្រចាំពូល B នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា នេះ។
២គ្រាប់ពី Kaoru Mitoma នៅស៊ីដនីសមល្មមនឹងផ្ដល់តំណែងកំពូលតារាងដល់ក្រុមសាំមូរ៉ៃ ដែលសល់មួយប្រកួតទៀតក្នុងដៃ។ ដូច្នេះ ជប៉ុននឹងឡើងទៅកាតារជាមួយអារ៉ាប៊ីសាអ៊ូឌីត។
ចំណែកអូស្ត្រាលីវិញត្រូវប្រកួត Play-Off ជាបន្តដើម្បីបានទៅ World Cup លើកទី៥ជាប់ៗគ្នា។ ក្រុមកង់ហ្គារូនៅសល់១ប្រកួតក្នុងពូល B ដោយត្រូវប៉ះអារ៉ាប៊ីសាអ៊ូឌីត មុនជួបក្រុមលេខ៣មកពីពូល A សម្រាប់ការប្រកួត Play-Off។
នៅពូល A ឯណោះ អារ៉ាប់រួមអ៊ីមីរ៉ាត់នៅលេខ៣បណ្ដោះអាសន្ន ពីលើលីបង់ ខណៈអ៊ីរ៉ាក់នៅលេខ៤។ ក្រុមឈ្នះនៅវគ្គ play-off ក្នុងតំបន់ ត្រូវបន្តជម្រុះជាមួយក្រុមលេខ៥ មកពីវគ្គជម្រុះនៅអាមេរិកខាងត្បូង៕