អ្នកចាំទី Emi Martinez ទប់ទឹកភ្នែកមិនជាប់ពេលឈ្នះ FA Cup ជាមួយ Arsenal
Emiliano Martinez មិនអាចលាក់បាំងទឹកនេត្រាក្នុងថ្ងៃដ៏រីករាយជាមួយ Arsenal ក្រោយឈ្នះ FA Cup បានទេ។
រូបគេ និងប្រធានក្រុម Pierre Emerick-Aubameyang ត្រូវបានជ្រើសរើសសម្រាប់ការសម្ភាសបន្ទាប់ពីចប់ការប្រកួត FA Cup វគ្គផ្តាច់ព្រ័ត្រនៅ Wembley ។
អ្នកចាំទីដៃទីពីរ Arsenal ស្រក់ទឹកភ្នែកពេលត្រូវបានសួរពីអ្នកយកព័ត៌មាន។ Arsenal ក៏បានថតជាប់ពេល Martinez អង្គុយនិយាយ video call លាយឡំទឹកភ្នែកជាមួយអ្នកផ្ទះ។
ដំណើររបស់ Martinez នៅអង់គ្លេសដំបូងមិនងាយស្រួលទេ។ កីឡាករអាហ្សង់ទីនរូបនេះចូលក្រុមធំ Arsenal តាំងពីឆ្នាំ ២០១២ តែមិនសូវបានលេងទេ ហើយធ្លាប់ត្រូវ Sheffield Wednesday, Rotherdam, Wolves, Getafe និង Reading ខ្ចីទៀតផង។
បន្ទាប់ពី Petr Cech ចូលនិវត្តន៍ អ្នកចាំទីរូបនេះកើតនៅឆ្នាំ ១៩៩២ ត្រូវបានក្រុមកាំភ្លើងធំទុកក្នុងនាមជាដៃទីពីរបន្ទាប់ពី Bernd Leno ។
ក្រោយ Leno រងរបួសពេលចាញ់ Brighton ធ្វើឲ្យ Martinez មានឱកាសចូលចាប់បាល់។ អ្នកចាំទីវ័យ ២៨ ឆ្នាំរូបនេះមានសមត្ថភាពលេចធ្លោជាពិសេសនៅក្នុងវគ្គផ្ដាច់ព្រ័ត្រ FA Cup ដែល Arsenal ឈ្នះ Chelsea ២ទល់នឹង១ លើកពានជាលើកទី១៤៕