
West Brom ឡើងទៅ PL ខណៈក្លិប៣ធ្លាប់នៅលីហ្គកំពូលធ្លាក់ទៅ League One
West Bromwich Albion ទទួលបានកៅអីក្នុងនាមក្រុមលេខពីរនៅ Championship ទៅកាន់ក្របខណ្ឌ Premier League នៅរដូវកាល២០២០/២០២១ ខាងមុខដោយរួមដំណើរជាមួយក្រុមជើងឯក Leeds United។

ទោះបានត្រឹមស្មើ Queens Park Rangers ២ទល់នឹង២ក្នុងការប្រកួតបញ្ចប់រដូវកាល២០១៩/២០២០នៃក្របខណ្ឌ Championship កាលថ្ងៃពុធ ទី២២ ខែកក្កដា West Brom មានពិន្ទុគ្រប់គ្រាន់ដើម្បីត្រលប់ទៅ Premier League វិញ។
ក្រុមអ្នកចាត់ការ Slaven Bilic មាន៨១ពិន្ទុពីការប្រកួត៤៦លើក លើក្រុមលេខ៣ Brentford ដែលចាញ់ Barnsley ១ទល់នឹង២ ចំនួនពីរពិន្ទុ។
ជ័យជម្នះលើ Brentford ក៏ជួយ Barnsley បន្តជីវិតនៅ Championship រដូវកាលក្រោយផងដែរ។ សរុបមក ក្រុមដែលត្រូវជម្រុះយកកៅអីទី៣ទៅ Premier League មាន Brentford, Fulham, Cardiff City និង Swansea City។ វគ្គជម្រុះនឹងចាប់ផ្ដើមនៅថ្ងៃទី២៦ ខែកក្កដា ដែល Swansea ប៉ះ Brentford និង Cardiff ជួប Fulham។
ដោយឡែកក្លិបចំនួន៣ដែលធ្លាប់នៅក្របខណ្ឌ Premier League បានរអិលទៅថែមទៀតទៅ League One ជាក្របខណ្ឌទី៣នៅអង់គ្លេស។ ក្លិបទាំងនោះមាន Charlton Athletic, Wigan Athletic និង Hull City៕