
បាល់បោះជើងឯកថ្នាក់ជាតិ២០២០ចាប់ផ្ដើមថ្ងៃអាទិត្យនេះមាន៧ក្រុមចូលរួម
បាល់បោះជើងឯកថ្នាក់ជាតិ Cambodian Basketball League រដូវកាល២០២០ នឹងដំណើរការពីថ្ងៃអាទិត្យ ទី០២ ខែសីហា នេះហើយ នក្រុមចូលរួមចំនួន៧ កើនឡើងជាងឆ្នាំ២០១៩ មួយក្រុម និងដំណើរការដល់ចុងខែកញ្ញា នៅទីលានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។
ក្រុមទាំង៧គឺ Extra Joss Fighters, Dragons, Yuetai Mekongers, MOEF, Yi Li Beyond, Master Tapsi និង Asianballers។
ពាក់ព័ន្ធនឹងរូបមន្តប្រកួតវិញ មានពីរជុំសម្រាប់វគ្គសន្សំពិន្ទុ។ ក្រោយចប់ពីរជុំនេះ ក្រុមនៅលេខ៧នឹងត្រូវកាត់ចេញ ហើយក្រុមកំពូលតារាងពីរត្រូវរង់ចាំនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ៤ក្រុមពីលេខ៣ដល់លេខ៦ត្រូវប្រកួតជម្រុះទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងប្រកួតរហូតឃើញជើងឯក។
សម្រាប់ជើងឯក Cambodian Basketball League អាចមានសិទ្ធិចូលរួមការប្រកួតជើងឯកក្លិបអាស៊ីអាគ្នេយ៍។ នេះបើតាមការឲ្យដឹងពីលោក លោក Austin Abayomi អគ្គលេខាធិការសហព័ន្ធកីឡាបាល់បោះកម្ពុជា។
ថ្នាកដ់ឹកនាំដដែលបញ្ជាក់ថា ការប្រកួតជើងឯកជាតិនេះនឹងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការអនាម័យពីក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ដោយមិនអនុញ្ញាតឲ្យមានទស្សនិកជនចូលរួមទស្សនាផ្ទាល់ឡើយ ដើម្បីបង្ការការឆ្លងជំងឺកូវីដ១៩។ យ៉ាងណា សហព័ន្ធក៏ផ្សាយផ្ទាល់តាមរយៈទំព័រ Facebook ផ្លូវការដែរ។
សម្រាប់ពេលវេលាប្រកួត គឺមួយថ្ងៃមាន៣គូ ចាប់ពីម៉ោង១សៀលតទៅ៕
រូបភាព ៖ សហព័ន្ធបាល់បោះកម្ពុជា