
អតីតប្រធានក្លឹប Real Madrid មួយរូបបង្ហើបពីមូលហេតុពិតដែល Zidane សម្រេចចាកចេញពីក្លឹប
កាលពីខែឧសភាឆ្នាំមុន Zinedine Zidane បានធ្វើឲ្យពិភពលោកទាំងមូល មានការភ្ញាក់ផ្អើលជាខ្លាំង តាមរយៈការប្រកាសលាចេញពីតំណែងជាអ្នកចាត់ការទូទៅក្រុមអធិរាជស Real Madrid ដែលទើបតែលើកពានរង្វាន់ UEFA Champions League បានរយៈពេល១សប្តាហ៍ក្រោយឈ្នះ Liverpool ៣ទល់នឹង១នៅវគ្គផ្តាច់ព្រ័ត។
យ៉ាងណាក្តីគិតមកទល់ពេលនេះ Real Madrid នៅមិនទាន់អាចរកបេក្ខភាពអ្នកចាត់ការរូបណាដ៏សាកសមដើម្បីមកជំនួសកៅអីរបស់បុរសជនជាតិបារាំងខាងលើនេះនៅលើទេ ខណៈអតីតគ្រូបង្វឹក Julen Lopetegui ត្រូវបានបណ្តេញចេញពីតំណែងក្រោយដឹកនាំក្រុមមិនបានល្អនៅពាក់កណ្តាលរដូវកាល ហើយគ្រូបង្វឹកថ្មី Santiago Solari ក៏មិនទាន់បានបញ្ចេញស្នាដៃអ្វីជាដុំកំភួននៅឡើយដូចគ្នា។
ដោយឡែកអតីតប្រធានក្លឹប Real Madrid លោក Ramon Calderon បានបង្ហើបពីមូលហេតុពិតដែលធ្វើឲ្យ Zinedine Zidane សម្រេចចិត្តចាកចេញពី Real Madrid ដោយមិនស្តាយស្រណោះថា៖ “Zidane បានស្នើទៅលោក Florentino Perez ឲ្យរក្សា Cristiano Ronaldo នៅបន្តទៀតហើយលក់ Gareth Bale ចេញវិញ ប៉ុន្តែប្រធានក្លឹបបានធ្វើផ្ទុួយពីគម្រោងរបស់គេ។ ដូច្នេះគេមានតែចាកចេញប៉ុណ្ណោះ។”
ក្រោយពីការចាកចេញរបស់ Zinedine Zidane ខ្សែប្រយុទ្ធ Cristiano Ronaldo ក៏បានបញ្ចប់ការផ្ទេរពី Real Madrid ទៅកាន់ក្រុមសេះបង្កង់ Juventus ក្នុងតម្លៃ១០៥លានអឺរ៉ូនៅខែកក្កដាកាលពីឆ្នាំទៅដោយរូបគេទទួលបានថ្លៃនឿយហត់៥សែនផោនក្នុងមួយសប្ដាហ៍អំឡុងកិច្ចសន្យារយៈពេល៤ឆ្នាំ។
គួររំលឹកថា ក្នុងអំឡុងពេល ៣ ឆ្នាំក្នុងការដឹកនាំ Real Madrid លោក Zinedine Zidane ឈ្នះពានជាមួយក្លឹបដល់ទៅ ៨ ពាន ក្នុងនោះរួមមានពាន Champions League ៣ឆ្នាំជាប់គ្នា ពានលីគកំពូលអេស្ប៉ាញ (រដូវកាល ២០១៦-១៧) ពាន UEFA Super Cup ២លើក FIFA Club World Cup ២ដង និង Supercopa de Espana មួយលើកផងដែរ៕