អ្នកចាំទីចាស់វស្សា Petr Cech ប្រកាសព្យួរស្រោមដៃពីទីលានបាល់ទាត់ក្រោយចប់រដូវកាលនេះ
កាលពីម្សិលមិញ អ្នកចាំទីចាស់វស្សាកីឡាករ Petr Cech បានបញ្ជាក់ថា ខ្លួននឹងព្យួរស្រោមដៃចូលនិវត្តន៍ពីទីលានបាល់ទាត់ហើយនៅពេលចប់រដូវកាលនេះ។
ក្នុងរយៈពេល២០ឆ្នាំនៃអាជីពនៅលើវាលស្មៅ កីឡាករសញ្ជាតិឆេកបានប្រកបអាជីពក្នុងលីគកំពូលអង់គ្លេស Premier League រយៈពេលជាង១៥ឆ្នាំមកហើយ ពោលគឺផ្លាស់មកទឹកដីអង់គ្លេសតាំងពីឆ្នាំ២០០៤ដោយបានលេងឲ្យក្រុមតោខៀវ Chelsea និងកំពុងលេងជាមួយក្រុមកាំភ្លើងធំ Arsenal។
គួររំលឹកថា ក្នុងអំឡុងពេលលេងជាមួយ Chelsea កីឡាករវ័យ៣៦ឆ្នាំឈ្នះពានរង្វាន់ Premier League ៤ដង, FA Cup ៤ដង, League Cup ៣ដង, UEFA Europa League ១ដង និង UEFA Champion League ១ដង ខណៈជាមួយ Arsenal ឈ្នះពានរង្វាន់ FA Cup ១ដងផងដែរ។