L.Messi និង C.Ronaldo កំពុងប្រជែងគ្នាទៀតហើយ
សមរភូមិបាល់ទាត់នៃលីកកំពូលៗទាំង៥ ក្នុងតំបន់អឺរ៉ុបកំពុងតែកក្រើកខ្លាំងនៅពាក់កណ្តាលរដូវកាល ២០១៨-២០១៩។ បច្ចុប្បន្ន Liverpool, Juventus, Barcelona, Dortmund និង Paris S.G កំពុងនាំមុខគេនៅលើកំពូលតារាងនិមួយៗ។
ថ្ងៃនេះ Admin MSRSPORT សូមលើកយកស្ថិតិកីឡាករតាមលីកនិមួយៗដែលមានលទ្ធភាពស៊ុតបាល់បានច្រើនជាងគេ ដោយគិតចាប់ពីថ្ងៃបើករដូវកាលមកត្រឹមថ្ងៃទី ១៥ ខែមករា ឆ្នាំ២០១៩ ជូនដល់ប្រិយមិត្តបានដឹងទាំងអស់គ្នា កីឡាករទាំងនោះមានដូចតទៅ៖
5/. Bundesliga របស់អាល្លឺម៉ង់ – T.Werner (Leipzig)
ខ្សែប្រយុទ្ធតំលៃ ១០លានអឺរ៉ូដែល Leipzig ទិញពី Stuttgart កាលពីឆ្នាំ ២០១៦ កំពុងតែបង្ហាញសមត្ថភាពយ៉ាងអស្ចារ្យនៅក្របខណ្ឌ Bundesliga របស់អាល្លឺម៉ង់។ គិតត្រឹម ១៧សប្តាហ៍កន្លងទៅ T.Werner ជាងខ្សែប្រយុទ្ធជួរមុខដែលមានឱកាសស៊ុតបាល់បានច្រើនជាងគេចំនួយ ៦៣លើក ដោយចំគោលដៅចំនួន ២៦លើក ច្រើនជាងគេ និងសំរេចបាន ១១គ្រាប់បាល់។
4/. Lique1 របស់បារាំង – Nicolas Pepe (Lille)
កីឡាករ Cote d’Ivoire អាយុ២៣ឆ្នាំ ជាបេក្ខភាពដ៏គួរអោយចាប់អារម្មណ៏នៅលីកបាល់ទាត់បារាំង។ Nicolas Pepe ជា Top Scorers លំដាប់លេខ២ រកបាន១៣គ្រាប់នៅ Lique1 គិតត្រឹមសប្តាហ៍ទី ២០ ដោយតាមពីក្រោយ Mbappe ដែលស៊ុតបាន១៤គ្រាប់។ ទំរាំរកបាន ១៣គ្រាប់នេះ គេត្រូវចំណាយការស៊ុតរហូតដល់ទៅ ៦៧លើក និងចំគោលដៅច្រើនជាងគេចំនួន ៣៣លើក។
3/. Premier League របស់អង់គ្លេស – Aleksandr Mitrovic (Fulham)
ថ្វីត្បិតតែ Fulham បច្ចុប្បន្នជាក្រុមបាតតារាងក៏ដោយ ប៉ុន្តែពួកគេមានកីឡាករល្អមួយចំនួនដែរ ដូចជា Mitrovic ជាដើម។ ខ្សែប្រយុទ្ធជនជាតិស៊ែបរូបនេះក៏មានប្រជាប្រិយភាពគួរសមដែរនៅ World Cup 2018 កន្លងទៅ។ គិតត្រឹមសប្តាហ៍ទី ២២ កីឡាករវ័យ២៤ឆ្នាំ រកបានឱកាសស៊ុតដល់ទៅ ៧៨លើកច្រើនជាងគេ និងចំគោលដៅបាន ចំនួន ៣០លើកដែរ ក្នុងនោះសំរេចបានគ្រាប់បាល់ ៨គ្រាប់ ស្ថិតនៅលេខរៀងទី៨ក្នុងតារាង Top-Scorers។
2/. La Liga របស់អេស្បាញ – Leo Messi (Barcelona)
សមាជិករបស់ក្រុមអ្នកមានបុណ្យរូបនេះនៅតែមានសមត្ថភាពអស្ចារ្យ បើទោះជាមានវ័យកាន់តែច្រើនក៏ដោយ។ រាល់ថ្ងៃនេះ Messi នៅតែត្រួសត្រាយផ្លូវអោយ Barcelona កាន់កាប់កំពូលតារាងក្នុងក្របខណ្ឌ La Liga ជាមួយគ្រាប់ស៊ុតបញ្ចូលសរុបរដូវកាលនេះទៅលើក្រុមផ្សេងៗចំនួន ៥៣គ្រាប់ និងមាន ៤៣ពិន្ទុ។ ស្ថិតិការស៊ុតរបស់ Leo Messi គិតត្រឹមសប្តាហ៍ទី ១៩ គឺចំនួន ៨០លើក និងចំគោលដៅ ៤៣ដងផងដែរ ក្នុងនោះសំរេចបានគ្រាប់ ១៧គ្រាប់ច្រើនជាងខ្សែទាំងអស់ក្នុងលីកទាំង ៥ក្នុងតំបន់អឺរ៉ុប។
1/. Serie A របស់អ៊ីតាលី – C.Ronaldo (Juventus)
មិនថាទៅដល់ទីណាទេ ម្ចាស់ពាន Ballon d’or ៥សម័យតែងតែបង្កើតរឿងអស្ចារ្យក្នុងពិភពបាល់ទាត់ជានិច្ច ជាក់ស្តែងកាលផ្លាស់មកកាន់ក្លឹប សេះបង្កង់ ក្នុងរដូវកាលនេះ គេបានបំបែកំណត់ត្រាមួយចំនួនផងដែរ។ មកទល់និងពេលនេះ Ronaldo បានជួយអោយ Juventus ឡើងមកឈរលើកំពូលតារាង Serie A ជមួយនិងពិន្ទុ ៥៣ នាំមុខក្រុមលំដាប់លេខ២ Napoli ដែលមានតែ ៤៤ពិន្ទុប៉ុណ្ណោះ។ អ្វីដែលគួរអោយភ្ញាក់ផ្អើលជាងនេះគឺត្រឹមតែ ១៩សប្តាហ៍ C.Ronaldo បង្កើតឱកាសស៊ុតបានរហូតដល់ទៅ ១២៥លើក ច្រើនជាងគេទាំងអស់ក្នុងចំណោមកីឡាករដែលស៊ុតច្រើននៅលីកគំពូលទាំង ៥ក្នុងតំបន់អឺរ៉ុប ដែលក្នុងនោះស៊ុតចំគោលដៅបាន ៥១លើក និងសំរេច បាន ១៤គ្រាប់ផងដែរ៕