កីឡាករឈីលីយ៉ាងហោច៦នាក់នាំស្រីឡើងសណ្ឋាគារអំឡុងការប្រកួត Copa America
សារព័ត៌មាន Marca រាយការណ៍ថា យ៉ាងហោចណាស់កីឡាករបាល់ទាត់ជម្រើសជាតិឈីលី៦នាក់បាននាំនារីជាច្រើនចូលសណ្ឋាគារ Grand Hotel Odara ដើម្បីរៀបចំពិធីជប់លៀង។
សកម្មភាព គឺផ្ទុយទាំងស្រុងទៅនឹងវិធានការការពារជំងឺកូវីដ១៩ ខណៈពួកគេត្រូវប្រកួតពានរង្វាន់ Copa America នៅប្រេស៊ីល។
គ្រូបង្គោលក្រុមជម្រើសជាតិឈីលី លោក Martin Lasarte នឹងបញ្ចេញការដាក់ទណ្ឌកម្ម ដែលគេជឿថា កីឡាករទាំងនោះអាចនឹងត្រូវបានបញ្ជូនទៅផ្ទះវិញ។
ទោះមិនទាន់មានការបង្ហាញច្បាស់លាស់មាននរណាខ្លះ ប្រភពមួយចំនួនបានបង្ហើបថា ពួកគេមាន Jean Meneses, Arturo Vidal, Gary Medel, Pablo Galdames, Pablo Aranguiz និង Eduardo Vargas។
ប៉ុន្មានថ្ងៃមុន Medel និង Vidal ត្រូវបានពិន័យម្នាក់៣ម៉ឺនដុល្លារពីសហព័ន្ធកីឡាបាល់ទាត់អាមេរិកខាងត្បូង រឿងនាំជាងកាត់សក់ចូលសណ្ឋាគារ ព្រោះគេត្រូវការពារការរាលដាលកូវីដ១៩។
កីឡាករទាំង៦ត្រូវបានគេតេស្ដកូវីដ១៩ ហើយលទ្ធផល គឺអវិជ្ជមាន។ លោក Martin Lasarte ទទូចថា កីឡាករទាំងនោះពិតជាបានបង្កកំហុសខ្លាំង ហើយរឿងអាស្រូវនេះពិតជាប៉ះពាល់ខ្លាំងដល់មុខមាត់ឈីលី។
ឈីលី ស្ថិតក្នុងពូល A ដោយមាន៤ពិន្ទុពីការប្រកួត២លើក៕