អ៊ីតាលីជាក្រុមដំបូងដែលឈ្នះគ្រប់ប្រកួតដោយមិនរបូតគ្រាប់សោះក្នុងវគ្គចែកពូល Euro
ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលីពិតជាស័ក្ដិសមឈរជាបេក្ខជនដ៏លេចធ្លោក្នុងព្រឹត្តិការណ៍ UEFA Euro 2020 នេះ។
ក្រុមលោក Roberto Mancini បានបន្តយក៣ពិន្ទុពេញទៀតហើយ ដោយពួកគេបានយកឈ្នះវេលស៍ ដោយលទ្ធផល១ទល់នឹង០ ឈានទៅគ្រប់គ្រងកំពូលតារាងពូល A។ ក្នុងចំណោម៣ប្រកួត ពួកគេរកបាន៧គ្រាប់ និងមិនរបូតសោះសូម្បីមួយគ្រាប់។
តាមសារព័ត៌មាន ESPN អ៊ីតាលីជាក្រុមដំបូងគេក្នុងប្រវត្តិសាស្ត្រ Euro ដែលអាចឈ្នះគ្រប់ប្រកួតដោយមិនរបូតគ្រាប់បាល់សោះក្នុងវគ្គចែកពូល។ មិនទាន់អស់ត្រឹមហ្នឹងទេ ក្រុមជើងឯកពិភពលោក២០០៦ ក្រោមការដឹកនាំពីលោក Roberto Mancini ក៏ស្មើកំណត់ត្រាសម័យអតីតគ្រូបង្គោល Vittorio Pozzo ពីចន្លោះឆ្នាំ១៩៣៥ដល់១៩៣៩ដែលមិនចាញ់សោះក្នុងចំណោម៣០ប្រកួត។ អ៊ីតាលីចាញ់ចុងក្រោយបង្អស់ គឺត្រូវបានព័រទុយហ្គាល់ ស៊ី០ទល់នឹង១ ក្នុងវគ្គចែកពូល UEFA Nations League កាលខែកញ្ញា ឆ្នា២០១៨។
ក្រុមរហស្សនាម Azzurri បន្តជ័យជម្នះ១១ប្រកួតជាប់គ្នាដោយមិនរបូតគ្រាប់បាល់សោះ។ ពួកគេរកបាន៣០គ្រាប់ក្នុងចំណោមការប្រកួតទាំងនេះ។ Donny van de Beek របស់ហូឡង់ជាកីឡាករចុងក្រោយគេដែលទាត់ចូលសំណាញ់អ៊ីតាលី កាលខែកញ្ញា ឆ្នាំ២០២០ លើកពាន Nations League។
ចាញ់ដោយសារគេវាយបកមិនមានក្នុងវចនានុក្រមរបស់អ៊ីតាលីទេ។ ចាប់តាំងពីឆ្នាំ២០១៣មក អ៊ីតាលីមិនដែលចាញ់ក្នុងការប្រកួតដែលពួកគេនាំមុខគូប្រជែងឡើយ (ឈ្នះ៣៩ដង និងស្មើ១២ដង)។
ក្នុងការប្រកួតតទល់វេលស៍ លោក Mancini ផ្លាស់ប្ដូរសមាសភាព៨នាក់ បើប្រៀបទៅនឹងការប្រកួតតទល់ស្វីស។ កីឡាករបម្រុងរបស់អ៊ីតាលីនៅតែមានភាពងាយស្រួលក្នុងការបង្កើតឱកាសតទល់គូប្រជែងនាកីឡដ្ឋាន Olimpico។
អ៊ីតាលីមានអ្នកប្រយុទ្ធល្អៗដែលធ្វើឲ្យវេលស៍ពិបាកការពារ។ ក្រោយភ្លាត់ឱកាសមួយចំនួន អ៊ីតាលីបាននាំមុខមួយគ្រាប់ដោយ Matteo Pessina ពីការបញ្ជូនដោយ Marco Verratti។ក្រុមម្ចាស់ផ្ទះមានឱកាស២៣។ ប្រសិនបើអ្នកចាំទី Danny Ward ធ្វើមិនបានល្អនោះ វេលស៍ប្រាកដជារបូត៣ទៅ៤គ្រាប់ឯណោះ។ ឱកាសដ៏ល្អរបស់វេលស៍គឺមានតែមួយលើកប៉ុណ្ណោះ ពេល Gareth Bale ទាត់ volley មួយជើងទៅចំកន្លែងអ្នកទស្សនាអង្គុយ។
សរុបមក អ៊ីតាលីមាន៩ពិន្ទុ វេលស៍មាន៤ពិន្ទុស្មើស្វីស តែស្វីសឈរលេខ៣ ដោយសារផលសងគ្រាប់បាល់ -១ ខណៈតួកគីនៅបាតតារាង។ ដូច្នេះស្វីសត្រូវរង់ចាំអ៊ុតលទ្ធផលលេខ៣ ខណៈអ៊ីតាលី និងវេលស៍បានឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ៕