អ្នកគាំទ្ររំពឹង ចាន់ វឌ្ឍនាកា ធ្វើបានល្អជាងមុនក្រោយផ្ទេរទៅកាន់ PKNS នៅលីគកំពូលម៉ាឡេស៊ីជាលើកទី២
កាលពីម្សិលមិញ ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា សម្រេចនៅក្នុងការផ្ទេរទៅកាន់ក្លឹបថ្មី PKNS FC នៃក្របខណ្ឌកំពូលម៉ាឡេស៊ី ក្រោយពីធ្វើការចរចារគ្នានៅលើលក្ខខ័ណ្ឌផ្សេងៗអស់រយៈពេល១ខែ។
នេះជាលើកទី២ហើយដែលសមាជិករបស់ក្រុមគោព្រៃកម្ពុជាបានទៅប្រកបអាជីពនៅលីគកំពូលម៉ាឡេស៊ី បន្ទាប់ធ្លាប់ចំណាយពេលជើងទី១នៅរដូវកាល២០១៨ ជាមួយ Pahang FA មុនវិលមកបឹងកេតសារជាថ្មីវិញ។
យ៉ាងណាក្តី សម្រាប់ការផ្ទេរទៅកាន់ PKNS FC នៅទឹកដីម៉ាឡេស៊ីជាលើកទី២នេះ អ្នកគាំទ្ររបស់កម្ពុជាជាច្រើនបានបញ្ចេញមតិរបស់ពួកគេតាមបណ្តាញសង្គមដោយរំពឹងថាម្ចាស់អាវលេខ១១របស់ក្រុមជម្រើសជាតិកម្ពុជានឹងធ្វើបានល្អជាងកាលប្រកបអាជីពនៅក្រៅប្រទេសលើកមុនៗផងដែរ។
គួរឲ្យដឹងដែរថា ក្រៅពី PKNS ក៏មានក្លិបមួយចំនួនទៀតនៅម៉ាឡេស៊ី និងថៃ បានព្យាយាមទាក់ទងចាន់ វឌ្ឍនាកា ផងដែរ ប៉ុន្តែរូបគេបានសម្រេចជ្រើសរើសយក PKNS ដោយសារតែទទួលបានលក្ខខណ្ឌដ៏ល្អប្រសើរ ប៉ុន្តែមិនអាចលម្អិតឲ្យដឹងជាក់លាក់បាន។
រូបភាព៖ Boeung Ket Football Club