Solskjaer វាយបកទៅកាន់ Lampard និង Mourinho ជុំវិញការអះអាងថា VAR ជាអ្នកផ្តល់សំណាងអោយ Man Utd
(BC-99)
លោក Ole Gunnar Solskjaer បានធ្វើការតបតចំពោះលោក Frank Lampard និងលោក Jose Mourinho ដែលបានអះអាងថាក្រុមបិសាចក្រហម Manchester United បានទទួលអត្ថប្រយោជន៍ពី VAR ។
នៅក្នុងពិធីសន្និសីទសារព័ត៌មានជុំវិញការប្រកួត FA Cup ពាក់កណ្តាលផ្តាច់ព្រ័ត្រលោក Lampard គ្រូបង្វឹកក្រុមតោខៀវបាននិយាយថាក្រុមបិសាចក្រហមពិតជាមានសំណាងក្នុងអឡុងពេលប្រកួត Premier League នាពេលថ្មីៗនេះ។
បិសាចក្រហមទទួលបានបាល់ពិន័យ១១ម៉ែត្រចំនួន ១៣ លើកក្នុងរដូវកាល ២០១៩-២០ នេះដែលជាកំណត់ត្រាក្នុងរយៈពេលដ៏ខ្លីមួយសម្រាប់ក្របខ័ណ្ឌ Premier League ក្នុងនោះក៏បានរាប់បញ្ចូលទាំងការស៊ុត១១ម៉ែត្រដោយ Bruno Fernandes ក្នុងជ័យជម្នះ ៣-០ លើ Aston Villa ដែរ។
រីឯជ័យជម្នះ ២-០ កាលពីថ្ងៃព្រហស្បតិ៍ទៅលើ Crystal Palace ខ្សែការពារ Victor Lindelof បានរួចខ្លួនពីការបង្ករកំហុសទៅលើខ្សែប្រយុទ្ធ Wilfried Zaha នៅក្នុងតំបន់គ្រោះថ្នាក់ខណៈដែលកីឡាករ Ayew បានស៊ុតបញ្ចូលទីមួយគ្រាប់តែត្រូវបានទុកជាអសារបង់ដោយសារតែ VAR ចាប់កំហុស Offside ។
ទោះបីជាយ៉ាងណាក៏ដោយលោក Solskjaer បានធ្វើការវាយបកទៅវិញថា ” United ក៏ធ្លាប់បានរងគ្រោះដោយការសម្រេចចិត្តរបស់ VAR ដែរ។ ជាក់ស្តែងករណី Oriol Romeu បានធ្វើទៅលើ Mason Greenwood ជាដើម ដែលនេះគឺជាការរាំងមិនអោយក្រុមលោកទទួលជ័យជម្នះនឹងទទួលបានត្រឹមលទ្ធផលស្មើ ២-២ ជាមួយ Southampton” ។
អ្នកចាត់ការទូទៅរបស់បិសាចក្រហមរូបនេះបានធ្វើការលើកបញ្ជាក់ទៀតថា “ពួកយើងមិនមានឥទ្ធិពលលើការសម្រេចចិត្តរបស់អជ្ញាកណ្តាលទេ។ ខ្ញុំបានឮមនុស្សដែលនិយាយថាក្រុមយើងតែងតែមានសំណាង។ សូមអ្នកអង្កេតមើលការសម្រេចចិត្តមុននឹងនិយាយអ្វីដែលមិនមែនជាការពិត។ បើ offside គឺវា offside ហើយ។ ចុះម៉េចមិននិយាយអំពីសំណាងដែល Tottenham ទទួលបានដោយការទាត់បាល់ពិន័យមកលើក្រុមយើងនៅចុងម៉ោងផង? ព្រោះយើងក៏បានបាត់បង់អស់២ពិន្ទុដែរ។ ចុះហេតុអ្វីក៏គេមិនលើកនិយាយអំពីការដែលគួរតែពិន័យកាតក្រហមលើ Oriol Romeu ដែលបានធ្វើអោយ Mason Greenwood ទទួលគ្រោះថ្នាក់ផង? ព្រោះបើមានការពិន័យកាតក្រហមនៅពេលនោះប្រហែលជាអាចជួយក្រុមយើងអោយឡើងលេខ៣បាន។ និយាយអំពី Mark Noble ផងដែលគេគួរតែបណ្តេញកីឡាកររូបនេះចេញពីការប្រកួតនៅពេលដែល West Ham បានប្រកួតឈ្នះ United (កាលពីខែកញ្ញា)។ នៅមានរឿងជាច្រើនទៀតដែលគេគួរតែធ្វើការកែសម្រួល ហើយខ្ញុំតែងតែតវ៉ាជាមួយអជ្ញាកណ្តាលជារឿយៗព្រោះយើងក៏ទទួលបាននូវការសម្រេចចិត្តដែលមិនសាកសមដែរ។
សូមបញ្ជាក់ជូនថា Manchester United និងត្រូវប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ជាមួយក្រុម Chelsea នាយប់ថ្ងៃអាទិ់ត្យនេះដែរនៅឯកីឡដ្ឋានជាតិអង់គ្លេស Wembley ។