រឿងរ៉ាវខ្លះៗពី Arsenal ក្រោយទម្លាក់ Man City វគ្គ៤ក្រុម FA Cup
Arsenal បានឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ FA Cup រដូវកាល២០១៩/២០២០ ក្រោយឈ្នះ Manchester City ២ទល់នឹង០ក្នុងការប្រកួតពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ដែលពីរគ្រាប់នោះរកបានដោយខ្សែប្រយុទ្ធហ្គាបុង Pierre-Emerick Aubameyang។
ក្នុងការប្រកួតដ៏ខកចិត្តរបស់ Man City នេះដែរ MSR សូមជូនអ្វីដែលយើងគួរដឹងពី Arsenal ៖
១. វគ្គផ្ដាច់ព្រ័ត្រ FA Cup លើកទី២១
ចាប់តាំងពីពានរង្វាន់ FA Cup ត្រូវបានបង្កើតឡើងនៅឆ្នាំ១៨៧១ Arsenal បានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ២១ដងហើយបូកទាំងរដូវកាល២០១៩/២០២១នេះ។ ក្នុងនោះ ក្រុមកាំភ្លើងធំក្រសោបបានជើងឯក១៣ដងដែលជាកំណត់ត្រាច្រើនជាងគេបង្អស់ និងលេខពីរ ចំនួន៧ដង។ ពួកគេលើកពានចុងក្រោយបង្អស់គឺនៅឆ្នាំ២០១៧ តាមរយៈជ័យជម្នះ២ទល់នឹង១លើ Chelsea។
២. ក្រុមអតីតជំនួយការទម្លាក់ក្រុមអតីតគ្រូធំ
នរណាក៏ដឹងដែរថា លោក Mikel Arteta ធ្លាប់ជាជំនួយការលោក Pep Guardiola នៅ Manchester City ពីឆ្នាំ២០១៦ដល់ខែធ្នូ ២០១៩ ជាពេលផ្លាស់ទៅដឹកនាំ Arsenal ក្នុងនាមជាអ្នកចាត់ការជំនួសលោក Unai Emery។
៣ឆ្នាំក្នុងនាមជាជំនួយការលោក Pep លោក Arteta រួមចំណែកឈ្នះ Premier League 2017/2018 និង 2018/2019។
បុរសជនជាតិអេស្ប៉ាញរូបនេះក៏បានចំណាយពេលជាកីឡាករនៅ Arsenal ពីចន្លោះ២០១១ដល់២០១៦។ ក្នុងនោះលោកបានលើកពាន FA Cup ពីរដង នៅ 2013/2014 និង 2014/2015។
គួរដឹងដែរថា កៅអីវគ្គផ្ដាច់ព្រ័ត្រមួយទៀតនឹងត្រូវកាត់ក្ដីនៅថ្ងៃអាទិត្យ ទី១៩ ខែកក្កដា នេះដែល Manchester United និង Chelsea ត្រូវដណ្ដើមគ្នា។ ក្រុមឈ្នះនឹងឡើងជួប Arsenal នៅវគ្គផ្ដាច់ព្រ័ត្រ ថ្ងៃទី០១ ខែសីហា៕