
បឹងកេត លុត ទ័ព ៦-១ ឡើងមកឈរលេខ២ ដោយមិនទាន់ស្គាល់បរាជ័យ
ការប្រកួតពានរង្វាន់បាល់ទាត់ក្របខណ្ធកំពូលរបស់កម្ពុជា នាសប្តាហ៍ទី៧ ដោយក្រុមម្ចាស់ផ្ទះ បឹងកេត បានយកឈ្នះភ្ញៀវ កងយោធពលខេមរភូមិន្ទ ហៅកាត់ទ័ព ដោយលទ្ធផល ៦ ទល់ ១ នាកីឡដ្ឋាន Cambodia Airways Stadium និងបានរក្សាភាពមិនបរាជ័យរបស់ខ្លួនបន្ថែមទៀត។
គ្រាប់បាល់បំប៉ោងសំណាញ់ទីទាំង ៦ គ្រាប់ របស់ បឹងកេត ធ្វើបានសម្រេចដោយកីឡាករ Mizuno នៅនាទី២៩ ហើយខ្សែប្រយុទ្ធវ័យក្មេង ម៉ាត់ នូរុណ រកបាននៅនាទី៥៧ ចំណែកកីឡាករបរទេស Santana រកបានដល់ទៅ ៣គ្រាប់ (Hat-trick) ពោលគឺនៅនាទីទី៦០, ៨៤ និងនាទី៩០+៣ ហើយកីឡាករ លី មីហ្សាន រកបាននៅនាទី៧៣ ខណៈគ្រាប់តែមួយគ្រាប់របស់ក្រុមទ័ព រកបានដោយកីឡាករ Romario នៅនាទី៦៧ ។
ដូច្នេះហើយ បឹងកេត បានឡើងមកឈរនៅចំណាត់ថ្នាក់លេខ២ នៃពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល២០២០ សប្តាហ៍ទី៨ ដោយឆ្លងកាត់ការប្រកួត ៧ លើក ក្នុងនោះឈ្នះ ៥ ដង ស្មើ ២ ដង និងមិនដែលចាញ់ ស្របពេលដែល ទ័ព ធ្វើការប្រកួត ៨ លើក ដោយឈ្នះ ៣ ដង ស្មើ ២ ដង និងចាញ់ ៣ ដង កំពុងមាន ១១ ពិន្ទុក្នុងដៃឈរនៅលេខ៧ ៕