ក្រោយធ្លាក់ពី UCL គ្រូ Juventus ថា គ្មានអីត្រូវខ្មាសទេ ព្រោះក្រុមផ្សេងសុទ្ធតែខ្លាំង
លោក Maximiliano Allegri គ្រូបង្គោល Juventus អះអាងថា មិនមានភាពអាម៉ាសអ្វីទេចំពោះការចាញ់ Villareal ០ទល់នឹង៣ ក្នុងជើងទី២ ធ្លាក់ចេញពី UEFA Champions League ក្នុងវគ្គ១៦ក្រុមចុងក្រោយ។
គ្រូបង្វឹកក្រុមកពីអ៊ីតាលីថ្លែងបែបនេះ “៖មាន១០ក្រុមដែលនៅកម្រិតលើយើង។ Juventus គ្មានអ្វីត្រូវខ្មាសអៀនទេ ព្រោះវាជារឿងពិត។ យើងដឹងថា យើងត្រូវឆ្លងឲ្យផុតវគ្គ១៦ក្រុម តែវាមិនងាយទេ។ មានអីត្រូវនិយាយទៀត? គ្មានប្រយោជន៍អីទេ។ អ្វីដែលត្រូវធ្វើ គឺត្រូវពង្រឹងសមត្ថភាពឡើងវិញ។”
គ្រូក្រុមរហស្សនាមសេះបង្កង់បន្ថែម “៖ ខ្ញុំគិតថា យើងលេងល្អ៧៥នាទីដំបូង តែក្រោយមកក៏ធ្លាក់ជើង។ អ្នកគាំទ្រឌឺយើងទេ? ពួកគេមានសិទ្ធិទះដៃ ឬហ៊ោកញ្ជៀវ តែមិនត្រូវបន្ទោសកីឡាករទេ។ យើងមិនអាចផ្លាស់ប្ដូរលទ្ធផល។ យើងត្រូវតែបន្តទៅមុខ ដោយក្ដីសង្ឃឹមឈ្នះពានអ្វីមួយ។”
Villareal ជាក្រុមកពី La Liga មួយទៀតបន្ទាប់ពី Atletico Madrid និង Real Madrid ដែលឡើងទៅវគ្គ៨ក្រុមចុងក្រោយ។ ចំណែកអ៊ីតាលីវិញអស់ក្រុមហើយ ដោយ Juventus និង Inter Milan ធ្លាក់វគ្គ១៦ក្រុមនេះ។ ចំណែក២ក្រុមទៀត គឺ Atlanta និង AC Milan មិនបានឆ្លងផុតវគ្គចែកពូលទេ៕