បានកៅអីលីហ្គកំពូលវិញហើយ តែ Leeds នៅចាំអ៊ុតរឿងសំខាន់មួយទៀត
ដូចបានដឹងស្រាប់ហើយថា Leeds United ទទួលបានកៅអីវិលទៅក្របខណ្ឌ Premier League សាជាថ្មី ក្រោយអវត្តមាន១៦ឆ្នាំ និងបន្ទាប់ពីក្រុមលេខពីរ West Bromwich Albion ចាញ់ Huddersfield Town ២ទល់នឹង១ កាលថ្ងៃសុក្រ ទី១៧ កក្កដា ក្នុងការប្រកួតក្របខណ្ឌ Championship សប្ដាហ៍ទី៤៥។
Leeds ដែលមាន៨៧ពិន្ទុពីការប្រកួត៤៤លើក ចាំអ៊ុតមើលការប្រកួតរបស់ Brentford នៅថ្ងៃសៅរ៍ ទី១៨ កក្កដា នេះ។ ប្រសិនបើ Brentford ដែលមាន ៨១ពិន្ទុ មិនឈ្នះ Stoke City នោះ Leeds នឹងគ្រងតំណែងជើងឯកក្របខណ្ឌទីពីរអង់គ្លេសបន្ថែមទៀតប្រចាំរដូវកាល២០១៩/២០២០។
គួរដឹងដែរថា Leeds United បានធ្លាក់ទៅកាន់ក្របខណ្ឌ Championship ក្រោយចប់រដូវកាល២០០៣/២០០៤។ ក្រុមពណ៌សមួយនេះធ្លាប់គ្រងជើងឯកកំពូលអង់គ្លេស៣ដង នៅឆ្នាំ១៩៦៩, ១៩៧៤ និង១៩៩២ ដែលកាលណោះមិនទាន់ប្ដូរឈ្មោះជា Premier League នៅឡើយទេ។ ពួកគេក៏ធ្លាប់ទទួលបានលេខពីរនៅ UEFA Championship ១៩៧៥ ថែមទៀតផង។
Leeds United បានឡើងមកកាន់ក្របខណ្ឌកំពូលជាថ្មីនេះក្រោមការដឹកនាំពីអ្នកចាត់ការ Marcelo Bielsa ដែលបានចូលកាន់តំណែងនៅរដូវកាល២០១៨/២០១៩។ ឆ្នាំមុន ក្រុមរបស់បុរសជនជាតិអាហ្សង់ទីនមួយនេះស្ទើរមានកៅអី Premier League ទៅហើយ តែបរាជ័យពីរលើកចុងក្រោយបញ្ចប់ពួកគេត្រឹមលេខ៣ និងចាញ់ Derby County នៅវគ្គ Play-Off៕