
គ្រូភ្នំពេញក្រោន ថា គិតពីជំនួបគិរីវង់សិនមុននិយាយពីផ្ដាច់ព្រ័ត្រ League Cup
លោក Oleg Starynski គ្រូបង្គោលភ្នំពេញក្រោនទទូចថា លោកមិនទាន់គិតដល់វគ្គផ្ដាច់ព្រ័ត្រ Cambodian League Cup 2023 នៅឡើយទេ ដោយត្រូវគិតពីជើងទី២ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ តទល់គិរីវង់សុខសែនជ័យ នៅល្ងាចថ្ងៃសោរ៍ ទី២៧ ខែឧសភា នេះជាមុនសិន។
កាលជើងទី១ ភ្នំពេញក្រោនឈ្នះម្ចាស់ផ្ទះគិរីវង់សុខសែនជ័យ០ទល់នឹង៣ នៅខេត្តតាកែវ មុនប៉ះគ្នានៅ RSN ម៉ោង៦និង៣០នាទីល្ងាចនេះ។
គ្រូបង្វឹកជនជាតិអ៊ុយក្រែនថ្លែងបែបនេះ “៖យើងរីករាយដែលបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ យើងកំពុងតែរៀបចំខ្លួនដើម្បីការប្រកួតទល់គីរីវង់ ក្រុមរបស់យើងកំពុងមានភាពសហការគ្នាល្អ យើងបន្តធ្វើអ្វីគ្រប់យ៉ាងបានល្អ យើងបានឈ្នះ ៣ គ្រាប់មកហើយនៅការប្រកួតក្រៅដី ពេលនេះយើងមានការប្រកួតក្នុងដី ប៉ុន្តែខ្ញុំមិនគិតថាវាជាការប្រកួតងាយស្រួលនោះទេ ខ្ញុំមិននិយាយអ្វីច្រើនពីការប្រកួតវគ្គផ្តាច់ព្រ័ត្រនោះទេ យើងគិតពីការប្រកួតទល់គីរីវង់នៅវគ្គនេះសិន។”
គួរបញ្ជាក់ផងដែរថា ភ្នំពេញក្រោនគឺជាក្រុមការពារតំណែងជើងឯកលីគខាប់។ មួយគូទៀតក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នា គឺវិសាខា ដែលត្រូវទទួលភ្ញៀវណាហ្គាវើលដ៍។ កាលជើងទី១នៅកំពង់ស្ពឺ ណាហ្គាឈ្នះវិសាខា១ទល់នឹង០៕