
ការទម្លាក់ Emiens ចោលពី Ligue 1 ប្រៀបដូចជាការប្រហារដោយផ្លែដាវ
(BC-99)
លោក Luka Elsner គ្រូបង្វឹករបស់ក្រុម Amiens បានប្រៀបធៀបការសំរេចចិត្តក្នុងការទម្លាក់ក្រុមរបស់លោកពីលីគទី ១ ដូចជាការប្រហារដោយផ្លែដាវដ៏មុត។
Ligue de Football Professionnel (LFP) បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះនូវការសម្រេចចិត្តរបស់ខ្លួនដើម្បីបញ្ចប់រដូវកាល ២០១៩-២០ និងកំណត់ចំណាត់ថ្នាក់ឈរលើពិន្ទុជាក់ស្តែងក្នុងការប្រកួតដែលនៅសល់ ។
ក្រុម Paris Saint-Germain ត្រូវបានប្រគល់ជាម្ចាស់ជើងឯកពានរង្វាន់ Ligue 1 ប៉ុន្តែ Amiens និង Toulouse ត្រូវបានកាត់ទៅក្របខណ្ឌលំដាប់ថ្នាក់ទី ២ ហើយនឹងត្រូវជំនួសដោយ Lorient និង Lens សម្រាប់យុទ្ធនាការរដូវកាល ២០២០-២១ ។
លោក Elsner បានសម្តែងនូវការខកចិត្តយ៉ាងខ្លាំងហើយធានាថា Amiens នឹងរក្សាខ្លួននៅអោយជាប់ជាមួយក្របខ័ណ្ឌ Ligue 1 ប្រសិនបើជាការប្រកួតនៅតែដំណើរការដូចសព្វដង។ លោកបានប្រាប់សារព័ត៌មានអេឡិចត្រូនិចបារាំង Courrier Picard ថា “ខ្ញុំមិនដែលជួបប្រទះការវាយបំបាក់ស្មារតីបែបនេះទេចាប់តាំងពីខ្ញុំបានលេងបាល់ទាត់។ ជាទូទៅអ្នកអាចគ្រប់គ្រងវាសនាផ្ទាល់ខ្លួនរបស់អ្នកនិងការលេងរបស់អ្នក ប៉ុន្តែនៅសម័យទំនើបនេះខ្ញុំមិនបានរំពឹងថានឹងមានការសម្រេចចិត្តយ៉ាងឆាប់រហ័សបែបនេះទេ។ វាហាក់ដូចជាត្រូវបានគេកាប់មួយដាវយ៉ាងដូច្នេះដែរ”។
គួរបញ្ជាក់ថា Amiens លេងបាន ២៨ ប្រកួតមាន ២៣ពិន្ទុឋិតនៅលេខរៀងទី១៩ដែលជាតំបន់កាត់ចោល។ ក៏ប៉ុន្តែក្រុមនេះក៏ដូចជាក្រុមដទៃទៀតដែរពោលគឺនៅសល់ ១០ ប្រកួតក្នុងដៃដែលមានន័យថាគេអាចបញ្ចប់រដូវកាលនៅទីសុវត្ថិភាពខណៈដែលក្រុមលេខ ១៦Dijon ១៧Saint-Etienne និង ១៨Nimes មានគម្លាតតែ៧ពិន្ទុនិង៤ពិន្ទុតែប៉ុណ្ណោះ។ នៅមុន បារាំង បន្តិចក្របខណ្ឌ Eredivisie របស់ប្រទេស ហូឡង់ បានក្លាយជាលីគទី ១ ដែលបានបញ្ចប់រដូវកាលរបស់ខ្លួននៅសប្តាហ៍នេះដោយមិនមានម្ចាស់ជើងឯក ហើយការតម្លើងនិងការកាត់ចេញរវាងក្របខ័ណ្ឌកំពូលទាំង ២ របស់ប្រទេសនេះត្រូវបានលុបចោលតែម្តង។