ប្រធានសហព័ន្ធបាល់ទាត់កម្ពុជាបង្ហាញចំណុចសំខាន់ៗដែលត្រូវពង្រឹង
មុខព្រួញទាំង ១១ចំណុច ៖ ១-រដ្ឋបាល និងការគ្រប់គ្រង, ២-ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, ៣-ការរៀបចំការប្រកួតថ្នាក់ជាតិ-អន្ដរជាតិ, ៤-ការអភិវឌ្ឍសមាគមទាំង ២៥រាជធានី-ខេត្ត, ៥-ការអភិវឌ្ឍក្លិប, ៦-ការអភិវឌ្ឍក្រុមជម្រើសជាតិ, ៧-ការអភិវឌ្ឍថ្នាល, ៨-ការអភិវឌ្ឍធនធានគ្រូបង្វឹក, ៩-ការអភិវឌ្ឍអាជ្ញាកណ្ដាល, ១០-ការអភិវឌ្ឍបាល់ទាត់ក្នុងសាល និង១១-ការអភិវឌ្ឍផ្នែកទីផ្សារ ទំនាក់ទំនង និងអ្នកគាំទ្រ គឺជាអ្វីដែលឯកឧត្ដម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានលើកឡើងក្នុងគោលដៅឆ្ពោះពង្រឹងបាល់ទាត់កម្ពុជាឲ្យកាន់តែរីកចម្រើន។
ឯកឧត្ដម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាមានប្រសាសន៍បែបនេះក្នុងធ្វើឡើងក្នុងពិធីបើកមហាសន្និបាតសហព័ន្ធកីឡាបាល់ទាត់កម្ពុជា លើកទី១៧ ដោយមានការចូលរួមពីសមាជិកគណៈកម្មាធិការប្រតិបត្តិ តំណាងក្រសួងអប់រំ យុវជន និងកីឡា, តំណាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា, តំណាង AFC, តំណាង FFC និងតំណាងសមាគម-ក្លិបសមាជិកជាច្រើនផងដែរ។ ពិធីប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគារហ្គាឌិនស៊ីធី។
មិនតែប៉ុណ្ណោះ ឯកឧត្តម សៅ សុខា សង្កត់ធ្ងន់ថា អាទិភាពចំនួន ២ ក្នុងចំណោមអាទិភាពឡាយ នៃផែនការអភិវឌ្ឍន៍បាល់ទាត់ឲ្យមាននិរន្ដរភាព រួមមាន៖ បាល់ទាត់ថ្នាល/យុវជន និងហេដ្ឋានរចនាសម្ព័ន្ធសម្រាប់ហ្វឹកហាត់ និងទី២-ការប្រកួតប្រកបដោយគុណភាព និងសុវត្ថិភាព នឹងត្រូវបានឡើងឲ្យមានចីរភាពរហូតដល់ និងក្រោយពេលស៊ីហ្គេម ឆ្នាំ២០២៣៕