ចាន់ វឌ្ឍនាកា មានភាគរយច្រើនក្នុងការកោះហៅចូលក្រុមជម្រើសជាតិ វិញ
ខ្សែប្រយុទ្ធក្លិប បឹងកេត ចាន់ វឌ្ឍនាកា ត្រូវបានអ្នកគាំទ្រជាច្រើនរំពឹងថានឹងត្រូវបានកោះហៅចូលក្រុមជម្រើសជាតិបាល់ទាត់កម្ពុជាវិញ ក្នុងពេលខាងមុខនេះ សម្រាប់ការត្រៀមខ្លួនប្រកួតក្នុងពានរង្វាន់ វគ្គជម្រុះ AFC Asian Cup 2023 Play-Off រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមកោះហ្គាំ នៅប្រទេសបារ៉ែន ។ ក្នុងការប្រកួតនេះក្រុមជម្រើសជាតិគោព្រៃកម្ពុជានឹងប្រកួត ជេីងទីមួយនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១ និងជើងទីពីរនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ។
លោក ភា សុភ័ក្ក្រា ដែលជាគ្រូជំនួយក្រុមជម្រើសជាតិបាល់ទាត់កម្ពុជា ធ្លាប់បានបញ្ជាក់ថា បើសិន ចាន់ វឌ្ឍនាកា បង្ហាញទម្រង់លេងកាន់តែល្អដូចបច្ចុប្បន្ន និងជាប់ជម្រើសជាតិ១១នាក់ដំបូងជាបន្តបន្ទាប់ ក្នុងការប្រកួតលីគកំពូលកម្ពុជា ច្បាស់ណាស់រូបគេនឹងត្រូវបានកោះហៅចូលក្រុមជម្រើសជាតិកម្ពុជាវិញ ។
ខ្សែប្រយុទ្ធដែលធ្លាប់ទៅលេងប្រទេសជប៉ុន និង ម៉ាឡេស៊ី រូបនេះបានខកខានជាប់ជម្រើសជាតិបាល់ទាត់កម្ពុជាជាង២ឆ្នាំមកហើយ ។ បច្ចុប្បន្ននេះ CV11 ចាប់ផ្តើមទទួលការគាំទ្រខ្លាំងពីអ្នកគាំទ្រ បន្ទាប់ពីបង្ហាញទម្រង់ល្អដោយជាប់ជម្រើស១១នាក់ដំបូង ៧ប្រកួតជាប់គ្នា ជាមួយក្លិប បឹងកេត នឹងរកបាន ៩ គ្រាប់ ហើយបានជួយក្លិបមិនទាន់ចាញ់ ឡើងមកឈរនៅលំដាប់លេខ២ ក្នុងតារាងលីគកំពូលបាល់ទាត់កម្ពុជា ។
លោក Ryu ដែលជាគ្រូបង្វឹកក្រុមជម្រើសជាតិបាល់ទាត់កម្ពុជា កំពុងធ្វើការជាមួយអ្នកចាត់ការទូទៅលោក Honda ក្នុងការតាមដានកីឡាករនៅលីគកំពូលកម្ពុជាដើម្បីត្រៀមកោះហៅប្រមូលផ្តុំហ្វឹកហាត់ត្រៀមការប្រកួតពានរង្វាន់ខាងលើនេះ ៕