Cancelo នឹងលេងជម្រើសដំបូងឲ្យ Bayern វិញក្រោយនៅបម្រុង៤ប្រកួត
ក្រោយចំណាយពេល៤ប្រកួតចុងក្រោយលើកៅអីបម្រុង ខ្សែការពារ Joao Cancelo នឹងស្ថិតក្នុងជម្រើស១១នាក់ដំបូងជាថ្មីសម្រាប់ Bayern Munich ដែលត្រូវប៉ះ Augsburg ក្នុងជុំទី២៤ នៅក្របខណ្ឌ Bundesliga នៅថ្ងៃទី១១ ខែមីនា។
កាលថ្ងៃសុក្រ ទី១០ ខែមីនា គ្រូបង្គោល Julian Nagelsmann បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតថា “Cancelo នឹងចាប់ផ្តើមទល់នឹង Augsburg ។ នៅពេលដែលគេនៅលើទីលាន វាល្អទាំងអស់ ប៉ុន្តែនៅពេលដែលគេមិនលេង វាមិនមែនជារឿងធម្មតាទេ។”
គ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់បានសន្និដ្ឋានថា “ខ្ញុំបានប្រាប់ Cancelo ពីគំនិតរបស់ខ្ញុំបន្ទាប់ពីការហ្វឹកហាត់ដែលគាត់ធ្វើមិនសូវបានល្អ។ យើងបាននិយាយគ្នាត្រង់ទៅត្រង់មក។”
Cancelo បានបាត់បង់តំណែងទៅកាន់ Kingsley Coman ចាប់តាំងពីការប្រកួតទល់នឹង PSG ក្នុងជើងទីមួយនៃក្របខណ្ឌ Champions League វគ្គ១៦ក្រុម កាលពីថ្ងៃទី១៥ ខែកុម្ភៈ៕