
Honda ចង់ឲ្យអ្នកគាំទ្រកុំផ្តោតលើលទ្ធផលពេក!
ក្នុងពេលបង្ហាញខ្លួន ណែនាំពីការហ្វឹកហាត់ដល់ក្រុមបាល់ទាត់ជម្រើសកម្ពុជា នៅពហុកីឡដ្ឋានជាតិ កាលពីថ្ងៃអង្គារម្សិលមិញ លោក Keisuke Honda បានប្រាប់អ្នកកាសែតថា លោកពុំទាន់គិតពីលទ្ធផលឡើយ គឺមានតែផ្តោតលើការបង្វឹក ហើយវាជាការចាប់ផ្តើមថ្មីមួយសម្រាប់ក្រុមគោព្រៃកម្ពុជា។
អតីតខ្សែបម្រើជម្រើសជាតិជប៉ុន លើកឡើងថា៖ «ខ្ញុំនឹងរករបៀបលេងថ្មីមួយសម្រាប់កម្ពុជា ហើយសម្លឹងមើលកីឡាករពីមួយថ្ងៃទៅមួយថ្ងៃ។ ខ្ញុំពុំទាន់គិតថាឈ្នះឬចាញ់ទេ ប៉ុន្តែខ្ញុំនឹងផ្តោតលើការរៀបចំជាមួយក្រុមការងារទាំងអស់។ វាជាការចាប់ផ្តើមថ្មីមួយ»។
លោក Honda ដែលសន្យាថានឹងផ្តល់បទពិសោធន៍ដែលលោកមានទាំងអស់ដល់ក្រុមបាល់ទាត់កម្ពុជា នឹងត្រូវដឹកនាំក្រុមគោព្រៃ ប្រកួតមិត្តភាពបើកឆាកជាមួយម៉ាឡេស៊ី នៅកីឡដ្ឋានជាតិ នាល្ងាចថ្ងៃទី ១០ខែកញ្ញាសប្តាហ៍ក្រោយ។ សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់មិត្តភាព កម្ពុជា-ម៉ាឡេស៊ី នឹងមានការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ BTV ឬ លោកអ្នកអាចចូលរួមទស្សនាផ្ទាល់ ដោយសំបុត្រ កំពុងមានលក់នៅមុខពហុកីឡដ្ឋានជាតិ ដែលមានតម្លៃ ១ម៉ឺនរៀល និង ៥ពាន់រៀល៕