Keisuke Honda៖ “ខ្ញុំដឹងថាលេងជាមួយម៉ាឡេស៊ីមិនស្រួលទេ ប៉ុន្តែខ្ញុំមានមោទកភាពចំពោះកីឡាករ និងក្រុមការងារខ្ញុំ”
កាលពីម្សិលមិញ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានបរាជ័យក្រោមថ្វីជើងក្រុមជម្រើសជាតិម៉ាឡេស៊ីដោយលទ្ធផល៣ទល់នឹង១នៅក្នុងការប្រកួតបើកឆាកពានរង្វាន់ AFF Suzuki Cup 2020 នៅថ្ងៃបើកឆាកពូល B។
ក្នុងជំនួបនាកីឡដ្ឋាន Bishan ៣គ្រាប់របស់ក្រុមរហស្សនាមខ្លាលឿងរកបានដោយកីឡាករ Safawi Rasid, Akhyar Rashid និង Kogileswaran Raj ខណៈ១គ្រាប់របស់ក្រុមគោព្រៃរកបានដោយខ្សែការពារ សេត រ៉ូស៊ីប។
ថ្លែងក្រោយបញ្ចប់ការប្រកួត អ្នកចាត់ការក្រុម Keisuke Honda បាននិយាយថា៖ “ខ្ញុំគិតថានៅវគ្គទី១ យើងគួរតែរកបានមួយគ្រាប់ រឺពីរគ្រាប់ នៅពេលដែលយើងមានឱកាសច្រើន។ ដូចគ្រប់គ្នាដឹងហើយថាវាមិនងាយស្រួលទេលេងជាមួយម៉ាឡេស៊ី ប៉ុន្តែយើងបានប្រឹងប្រែងណាស់ហើយ ខ្ញុំពិតជាមោទកភាពចំពោះក្រុមការងារ និងកីឡាករទាំងអស់គ្នា”។
បើទោះបីជាកម្ពុជាមិនទទួលបានពិន្ទុនៅប្រកួតទី១របស់ខ្លួនទល់នឹងម៉ាឡេស៊ីពិតមែន ប៉ុន្តែបើក្រឡេកទៅមើលស្ថិតិក្នុងការប្រកួតវិញ កម្ពុជាពិតជាធ្វើបានល្អ ក្រោយអាចគ្រប់គ្រងបាល់បានដល់ទៅ៥៦.៩% ហើយមានឱកាសសម្រុកចំគោលដៅ៦ដងផងដែរ។
គួរឱ្យដឹងថា សម្រាប់ការប្រកួតជាបន្តទៀតនៅក្នុងពូល ក្រុមជម្រើសជាតិកម្ពុជានឹងត្រូវបន្តជួបជាមួយឥណ្ឌូនេស៊ីនៅថ្ងៃទី៩ នាវេលាម៉ោង៧:៣០នាទីយប់។