កីឡាករធ្លាប់ធ្វើជាអ្នកដឹកនាំជញ្ជូន តែតឲ្យ AC ឈ្នះ ATM រក្សាក្ដីសង្ឃឹមវគ្គ១៦ក្រុម UCL
AC Milan បានរក្សាក្ដីសង្ឃឹមក្នុងការឈានទៅវគ្គ១៦ក្រុមចុងក្រោយ UEFA Champions League ក្រោយឈ្នះ Atletico Madrid ០ទល់នឹង១ ក្នុងការប្រកួតប្រចាំពូល B។
គ្រាប់ជ័យជម្នះនេះកើតឡើងក្នុងនាទី៨៧ចេញពីការតែតដោយ Junior Messias។
នេះជាគ្រាប់បាល់ដំបូងក្នុងការចូលលេង UEFA Champions League លើកដំបូងសម្រាប់ខ្សែប្រយុទ្ធប្រេស៊ីលរូបនេះ។
និយាយពីកីឡាករវ័យ៣០ឆ្នាំរូបនេះ គេត្រូវបានខ្ចីពី Crotone លើកិច្ចសន្យាមួយរដូវកាលក្នុងតម្លៃ២លាន៦សែនអឺរ៉ូ។ ប្រភពមួយចំនួនជឿជាក់ថា ប្រសិនបើ AC Milan ទិញផ្ដាច់តែម្ដង អាចដល់ខ្ទង់១០លានអឺរ៉ូ។
មុនក្លាយជាអ្នកនាំសំណាងមកឲ្យ AC Milan ថ្ងៃនេះ គេធ្លាប់បោះបង់ក្ដីស្រមៃជាកីឡាករបាល់ទាត់ និងផ្លាស់ទៅរស់នៅប្រទេសអ៊ីតាលី ក្នុងឆ្នាំ២០១១ ដោយធ្វើការជាអ្នកដឹកជញ្ជូនអីវ៉ាន់នៅតាមកំពង់ផែ និងព្រលានយន្ដហោះ (Shipper) ដើម្បីចិញ្ចឹមប្រពន្ធ និងកូន២នាក់។
ក្នុងពេលទំនេរគេក៏បានឆ្លៀតលេងបាល់ទាត់ក្នុងក្រុមមិនមែនអាជីព រហូតដល់ឆ្នាំ២០១៩ គេត្រូវបានជ្រើសរើសចូលក្រុម Crotone នៃក្របខណ្ឌ Serie A។ ទោះអាចរកបាន៩គ្រាប់ ពីការចូលលេង៣៦ប្រកួត Messias មិនអាចជួយ Crotone គេចផុតពីតំបន់កាត់ចោលទៅ Serie B។ យ៉ាងណា ដោយសារតែសមត្ថភាពល្អ AC Milan បាននាំយកគេចូលក្រុមក្នុងរដូវកាល២០២១/២០២២។
ឆ្លងកាត់ការប្រកួត៥លើក AC Milan មាន៤ពិន្ទុ ក្រោមក្រុមលេខ២ FC Porto ១ពិន្ទុ និងស្មើក្រុមបាតតារាង Atletico Madrid។ ចំណែក Liverpool សុខសប្បាយទៅហើយ ដោយមាន១៥ពិន្ទុពេញ។ ប្រកួតចុងក្រោយ AC Milan ត្រូវប៉ះ Liverpool នៅថ្ងៃទី០៧ ខែធ្នូ៕