ភ្នាក់ងាររបស់ Lingard ទៅមើលការប្រកួតរបស់ក្លិប Newcastle United ស្របពេលដែលកីឡាកររូបនេះបដិសេធមិនបន្តកុងត្រាថ្មីជាមួយ Man Utd
(BC-99)
លោក Mino Raiola ដែលជាភ្នាក់ងាររបស់ខ្សែបម្រើ Jesse Lingard នៃក្រុមបិសាចក្រហម Manchester United ត្រូវបានគេឃើញមានវត្តមាននៅឯកីឡដ្ឋាន St James ‘Park របស់ Newcastle កាលពីថ្ងៃអាទិត្យកន្លងទៅ។
ចាប់តាំងពីពួកគេបានទទួលទឹកប្រាក់ ៣០០ លានផោនពីការលក់ក្លិបឱ្យទៅរជ្ជទាយាទអារ៉ាប៊ីសាអូឌីត ក្រុមសារិការព្រៃកំពុងតែស្វះស្វែងអភិវឌ្ឍន៍ក្លិបរបស់ខ្លួនតាមរយៈការរកទិញកីឡាករល្អៗរួមបញ្ចូលជាមួយយុទ្ធសាស្រ្តប្តូរអ្នកចាត់ការណ៍ទូទៅថ្មីផងដែរ។
ជាការពិតណាស់កីឡាករបាល់ទាត់ដែលឋិតក្នុងបញ្ជីរបស់លោកដែលជាភ្នាក់ងារទិញលក់មិនមែនមានតែ Jesse Lingard តែម្នាក់ឡើយដោយកីឡាករទាំង២៣នាក់នោះគេឃើញមានកំពូលកីឡាករមួយចំនួនដែលមាន Pogba, Zlatan, Lukaku ជាដើមដែរតែអ្នកឯទៀតមិនត្រូវបានចាប់អារម្មណ៍ពី Newcastle ដូចជា Lingard នេះឡើយ។
សារព័ត៌មានកីឡាអន្តរជាតិជាច្រើនបានសរសេរភ្ជាប់ពីការដោះដូរមួយនេះស្របពេលដែលកុងត្រាបច្ចុប្បន្នរបស់ Lingard មានសុពលដល់ខែមិថុនាឆ្នាំក្រោយរីឯកីឡាករជម្រើសជាតិអង់គ្លេសរូបនេះដែរបានបដិសេធមិនបន្តកុងត្រាជាមួយ Man Utd ឡើយ។