វង្ស វិឆ័យ ថាកីឡាករខ្មែរដែលធ្លាប់ប៉ះមានតែ ធឿន ធារ៉ា ពិបាកជាងគេ
អ្នកប្រដាល់គុនខ្មែរ វង្ស វិឆ័យ បានលើកឡើងថាក្នុងចំណោមកីឡាករគុនខ្មែរជាច្រើនដែលរូបគេតែងតែប្រកួតជាមួយក្នុងអំឡុងកូវីដ១៩នេះ កីឡាករ ធឿន ធារ៉ា ជាគូប្រកួតដែលខ្លួនគិតថាពិបាកប្រកួតជាមួយ ជាងគេ ដោយសារក្បាច់មួយចំនួនរបស់កូនសិស្សរបស់លោក អេ ភូថង រូបនេះ ។
គុនខ្មែរ វង្ស វិឆ័យ បានប្រាប់ MSR SPORT ថា កីឡាករប្រភេទទម្ងន់ ៦៩ ទៅ ៧០ ដែលរូបគេប្រកួតជាមួយមានច្រើនដូចជា រឿង សោភ័ណ្ឌ , ឈឿន ល្វៃ , ឡុង សុវណ្ណឌឿន , នី សុភី ជាដើម ។ ក្នុងចំណោមអ្នកទាំងអស់នោះ ធឿន ធារ៉ា ពិបាកវ៉ៃជាងគេ ដោយសារតែផ្លែរបស់កីឡាករខេត្ត ព្រៃវែង រូបនេះធ្ងន់ ជាពិសេសកែងឆ្វេង គឺពិបាកចូល ។ បន្ថែមពីនេះកូនសិស្សរបស់លោក ហង្ស សឿន ថាសម្រាប់ រឿង សោភ័ណ្ឌ ដែលធ្លាប់វាយគេអោយសន្លប់ក៏មិនពិបាកជាង ធឿន ធារ៉ា ដែរ ដោយសារ រឿង សោភ័ណ្ឌ ទាប ។
សូមបញ្ជាក់ថា វង្ស វិឆ័យ និង ធឿន ធារ៉ា ធ្លាប់ប្រកួតជាមួយគ្នាច្រើនលើករួចមកហើយ ដោយមានឈ្នះ មានចាញ់ និងស្មើ ទៅវិញទៅមក ៕