យីប ឌុ និងមូលហេតុដែលចង់សងសឹក ធន់ ផានិត ម្តងទៀត
ក្រោយពីបរាជ័យក្នុងកម្មវិធីអ្នកតស៊ូគុនខ្មែរដណ្តើមប្រាក់លានជាមួយនិងអ្នកប្រដាល់ ធន់ ផានិត បានធ្វើឲ្យអ្នកប្រដាល់គុនខ្មែរ យីប ឌុ និង លោកគ្រូជំនួយបង្ហាត់ថ្នាលគុនខ្មែរថ្នាក់ជាតិ ម៉ាត សារ៉ន ពិសេសគឺលោកគ្រូ ម៉ាត សារ៉ន តែម្តង បានសំណូមពរដល់អ្នករៀបចំកម្មវិធីប្រដាល់ក្នុងស្រុក សូមមេត្តាចាប់គូដល់គុនខ្មែរវ័យក្មេងទាំង២ជួបគ្នាដើម្បីអោយអស់ចិត្ត។
ជាមួយគ្នានោះ បើយោងតាមសំដីរបស់លោកគ្រូ ម៉ាត សារ៉ន បានប្រាប់ MSR SPORT ឲ្យដឹងថា៖ យីប ឌុ បានបោះបង់ការប្រកួតជាមួយ ធន់ ផានិត ក្នុងទឹកទី៥នៅកម្មវិធីដណ្តើមប្រាក់លានគោជល់ ដោយសារតែ យីប ឌុ ប្រកួតជាប់គ្នាពេកបណ្តាលឲ្យស្រគៀលសាច់ដុំ ម្យ៉ាងវិញទៀតការហ្វឹកហាត់ក៏មិនបានគ្រប់គ្រាន់ដោយបញ្ហាសុខភាពផងដែរ ដូចនេះហើយទើបលោកមានបំណងចង់ឲ្យគុនខ្មែរថ្នាលទាំង២ជួបគ្នាម្តងទៀត។ ដោយឡែកក្រុមការងារក៏បានសួរផ្ទាល់ទៅ យីប ឌុ ថាពិតជាចង់សងសឹកមែនរឺអត់? យីប ឌុ និយាយថា “ពិតជាចង់ណាស់” ខណៈដែល ធន់ ផានិត បាននិយាយប្រាប់ក្រុមការងារដែលថា “ស្វាគមន៍គ្រប់ពេល”។ សរុបមកប្រសិនបើអ្នករៀបចំសង្វៀនប្រដាល់ក្នុងស្រុកផ្តល់ឳកាសនោះ សង្ឃឹមថាគុនខ្មែរទាំង២នឹងបានជួបគ្នាឆាប់ៗនេះ ព្រោះម្នាក់ៗសុទ្ធតែរំពឹងសងសឹកជាមួយគ្នាទៅវិញទៅមក។
គួររំលឹកថា យីប ឌុ និង ធន់ ផានិត បានធ្វើឲ្យប្រិយ៍និយមទស្សនាការប្រកួតដណ្តើមប្រាក់លានគោជល់ ពេញចិត្តជាខ្លាំងចំពោះទំរង់ប្រកួតរបស់គុនខ្មែរទាំង២ ហើយបានសរសើរមិនដាច់ពីមាត់ថា នេះពិតជាសាកសមដៃគូប្រយុទ្ធគ្នាពិតប្រាកដមែន ហើយមិនមែនប្រកួតលំៗយកតែលុយដូចអ្នកសេរីចាស់នោះឡើយ៕