តិចអត់ដឹង! ការប្រកួតកីឡាថ្នាក់ជាតិក៏មានលក់សម្ភារៈកីឡានៅទីនោះដែរ
អ្នកប្រដាល់គុនខ្មែរដែលមានឈ្មោះបោះសំលេងអំឡុងទសវត្សរ៍ទី២០ សេង ប៊ុនថេន ក្រោយពីបានផ្អាកឡើងសង្វៀនគុនខ្មែរ ឥឡូវនេះរូបគាត់បានវិលត្រឡប់មកកាន់សង្វៀនសារជាថ្មីម្តងទៀត ក្នុងព្រឹត្តិការណ៌ប្រកួតកីឡាករថ្នាក់ជាតិ តែមិនមែនប្រកួតគុនខ្មែរទេ គឺប្រកួតសកល។ សម្រាប់ការប្រកួតកីឡាថ្នាក់ជាតិនេះកីឡាករ សេង ប៊ុនថេន បានសម្លឹងឃើញមេដាយមាសជាបណ្តើរៗហើយ ព្រោះថារូបគាត់បានប្រកួតឈ្នះ២លើកហើយក្នុងប្រភេទទំងន់៨០គីឡូក្រាម។ ស្របពេលនៃការឡើងប្រដាល់សកលរបស់ សេង ប៊ុនថេន ប្រពន្ធរបស់គាត់ ដែលបច្ចុប្បន្នជាម្ចាស់ហាងលក់សំភារៈកីឡា ក៏បាននាំយកសម្ភារៈកីឡាមួយចំនួនទៅលក់នៅទីតាំងប្រកួតកីឡាថ្នាក់ជាតិនាទឹកដីស្កាយឡេន វិហារសួគ៌។
អ្នកស្រី គីម ចន្ទសោភ័ណ្ឌ ដែលជាប្រពន្ធកីឡាករ សេង ប៊ុនថេន បាននិយាយថា៖ នៅទីនោះគឺពិបាកលក់ណាស់ព្រោះ បងប្អូនខ្មែរមួយចំនួនគាត់អត់សូវស្គាល់និងយល់ច្បាស់ពីឧបករណ៍ប្រើប្រាស់របស់ប្រដាល់គុនខ្មែរ ដោយពួកគាត់គិតថា ខ្ញុំលក់សំរាប់អោយតែកីឡាករ។ សំខាន់ជាងគេគឺជីវភាពរបស់ប្រជាជននៅទីនេះ គាត់មិនសូវមានលទ្ធភាព ខ្ញុំក៏មិនបន្ទោសគាត់ដែរ ព្រោះពួកគាត់ពិតជាមិនដឹងពិតមែនពីតម្លៃនិងគុណភាពរបស់វា។ហើយមុននិងខ្ញុំសំរេចចិត្តមកលក់នៅនិងគឺ ខ្ញុំបានបញ្ចុះតម្លៃដ៏សមរម្យសំរាប់គាត់អស់ហើយ ហើយខ្ញុំក៏បានគិតមុនដែរថានិងខាត ព្រោះមិនសូវមានអ្នកគាំទ្រដូចភ្នំពេញទេ តែខ្ញុំព្យាយាមថាទោះគាត់មិនទិញ តែខ្ញុំចង់អោយគាត់ស្គាល់ ច្រើនជាង។
ជាចុងក្រោយអ្នកស្រីក៏បានអរគុណដល់លោកឧកញ៉ា ស្រី ចាន់ថន ដែលលោកបានផ្ដល់ជាកន្លែង លក់ដូរនេះជូនដោយមិនគិតថ្លៃ អ្វីដែលកាន់តែអរគុណខ្លាំងជាងនេះទៀតគឺគាត់បានអោយតូបស្តង់មួយនេះមកប្រើប្រាស់សំរាប់លក់ក្នុងប៉ុន្មានថ្ងៃនេះថែមទៀតផង៕