ហ៊ុន ចាន់រាជ៖ បើ បឺត ខាំ មកហាត់នៅក្លិបខ្ញុំ នឹងនាំទៅប្រកួត One Championship
ម្ចាស់ក្លិបប្រដាល់ Cambodian Top Team លោក ហ៊ុន ចាន់រាជ បានបង្ហើបថាបើសិនអតីតអ្នកប្រដាល់គុនខ្មែរ បឺត ខាំ ព្រមមកហាត់ដើម្បីសម្រកគីឡូនៅក្លិបរបស់លោកគាត់នឹងមានឱកាសប្រកួតនៅព្រឹត្តិការណ៍័ លំដាប់ពិភពលោក One Championship ។
ប្រតិភូដឹកនាំកីឡាករគុនខ្មែរចេញប្រកួតក្រៅប្រទេសរៀបរាប់ថា បឺត ខាំ ជាកីឡាករមួយរូបដែលលោកចូល ចិត្តខ្លាំង តាមរយៈក្បាច់បច្ចេកទេសប្រកួតលើសង្វៀនដែលមានភាពរហ័សនិងវៃឆ្លាតដោយមមិនប្រើកម្លាំងតែមួយមុខនោះទេ ។ លោកបន្ថែមថា វាពិតជាពិបាកបើគាត់វិលមកសង្វៀនវិញ ប៉ុន្តែបើគាត់ មកហាត់នៅក្លិបលោកនឹងអាចសម្រកគីឡូបាននិងមានឱកាសប្រកួតនៅ One ។
ទោះបីយ៉ាងណាក៏ដោយរឿងនេះអាចនឹងពិបាកនឹងកើតឡើង ពីព្រោះកាលពីឆ្នាំ២០១៨ អ្នកប្រដាល់ប្រើល្បិចច្រើនជាងកម្លាំង បឺត ខាំ ធ្លាប់បានដាក់គម្រោងវិលមកសង្វៀនវិញដែរ ក្រោយផ្អាកឡើងសង្វៀន ជិត ២ឆ្នាំ ប៉ុន្តែអ្វីៗមិនអាចធ្វើទៅបានដោយសារបញ្ហាគីឡូនិងបញ្ហាជីវភាពក្នុងគ្រួសារ ខណៈបច្ចុប្បន្ននេះរូបលោកកាន់តែឆ្ងាយពីវិស័យប្រដាល់ដោយកំពុងប្រកបមុខងារជាភ្នាក់ងារអចលនទព្យនៅក្រុមហ៊ុនមួយ ៕