មាស ម៉ើ កំពុងហាត់សម្រកគីឡូត្រៀមចេញទៅប្រកួតនៅចិន
អ្នកប្រដាល់គុនចម្រុះកម្ពុជា មាស ម៉ើ ដែលមានផ្អាកឡើងសង្វៀនអស់រយៈពេលជាយូរបានវិលចូលកន្លែងហាត់ប្រាណដើម្បីសម្រកគីឡូអោយនៅចន្លោះពី ៦៦ ទៅ ៦៨ ក្នុងការចេញទៅប្រកួតព្រឹត្តិការណ៍ កីឡានគរបាលពិភពលោក លើកទី១៨នៅទីក្រុងChengduប្រទេសចិន រឺគេហៅថា The18th World Police and Fire Games2019 ។
អ្នកប្រដាល់ MMA រូបនេះបានប្រាប់ MSR SPORT ថា ក្រោយឈប់ប្រកួតមកគីឡូរបស់គេឡើងដល់ ៨២ ប៉ុន្តែក្រោយពីទទួលបានដំណឹងពីខាងក្រសួងមហាផ្ទៃផ្លល់ឱកាសអោយគេចេញទៅប្រកួតនៅប្រទេសចិនតំណាងខាងប៉ូលីសកម្ពុជា ក្នុងវិញ្ញាសារ ជឺជីតស៊ូ រូបគេក៏ចាប់ផ្តើមហាត់សម្រកទម្ងន់តែម្តងដោយគោលដៅធ្វើអោយបាន ៦៦ ទៅ ៦៨ ។ កីឡាករគុនចម្រុះ ដែលប្រកួតនៅស្រុកខ្មែរមិនដែលចាញ់បានបន្ថែមថា ដោយសារការប្រកួតមានរយៈពេលយូរពោលខែសីហាបានចាប់ផ្តើម ដូចនេះការធ្វើទម្ងន់មិនជាបញ្ហាទេសម្រាប់រូបគេ ។ ក្នុងនោះផងដែរក្រុមការងារបានសួរថាតើ មាស ម៉ើ អាចមកប្រកួត MMA វិញដែរទេ? មាស ម៉ើ បានឆ្លើយថា ចិត្តនៅតែស្រលាញ់ ប៉ុន្តែចិត្តមិនទាន់ចង់មកវិញទេ ។
សូមបញ្ជាក់ថា មាស ម៉ើ ជាកីឡាករគុនចម្រុះកម្ពុជាម្នាក់ដែលប្រកួតជាង៣០នៅទឹកដីកម្ពុជានិងថៃមិនដែលចាញ់និងធ្លាប់ឈ្នះខ្សែក្រវាត់ KWC ទៀតផង ប៉ុន្តែក្រោយពីចាញ់៣ប្រកួតជាប់គ្នាក្នុងព្រឹត្តិការណ៍ One Championship ធ្វើអោយគេសម្រេច ផ្អាកការឡើងសង្វៀនតាំងពីចុងឆ្នាំ២០១៨រហូត ហើយការប្រកួតវិញ្ញាសារ ជឺជីតស៊ូ នេះដោយសាររូបគេមានជំនាញក្បាច់ បោកចំបាប់ និង យូដូ ដែលស្រដៀង ជឺជីតស៊ូ នេះដែរ ។
ការប្រកួត The18th World Police and Fire Games2019 នេះមានរយៈពេល១១ថ្ងៃពោលចាប់ផ្ដើមពីថ្ងៃទី៨ដល់១៨សីហា ឆ្នាំ២០១៩ ហើយនេះជាលើកទី១ហើយដែលនគរបាលកម្ពុជាចូលក្នុងព្រឹត្តិការណ៍ពិភពលោកផ្នែកប៉ូលីសបែបនេះដោយចូលរួមប្រកួត១៥ប្រភេទកីឡា ដែលមានកីឡាករសរុបទាំងប្រតិភូដឹកនាំគ្រូបង្វឹក មន្ត្រីផ្លូវការចំនួន៩៦រូប៕