ទួនប៉េ ថានៅស្រុកគាត់ពិបាករកដៃគូគីឡូ៦០ ខណៈនៅស្រុកខ្មែរចង់ជួប ឈុត សេរីវ៉ាន់ថង ជាងគេ
នៅក្នុងតំបន់របស់គាត់លើប្រភេទទំងន់៦០គីឡូក្រាម ភាគច្រើនអ្នកប្រដាល់ទាំងនោះមិនសូវហ៊ានប្រកួតជាមួយខ្ញុំនោះទេ ហើយបើប្រកួតនោះ ក៏ខ្ញុំតគីឡូអោយដែរ, នេះបើយោងតាមការនិយាយរៀបរាប់របស់កីឡាករខ្លាចាស់ ទួនប៉េ ជាមួយនិងលោកស៊ីថូ ណាថាន់ ដែលជាប្រធានកីឡា CBS គ្រាដែលកំពុងតែដឹកនាំក្រុមការងារចុះទៅថតប្រម៉ូតក្នុងទឹកដីសុរិន្ទប្រទេសថៃ។ ម្ចាស់ពានរង្វាន់ ISI រដូវកាលទី៤រូបនេះក៏បានឲ្យដឹងបន្ថែមទៀតថា ប្រសិនបើគេប្រកួតក្នុងកីឡូ៦០គឺត្រូវដាច់បាយតែម្តង ព្រោះគីឡូ៦០នេះគឺគ្មាននរណាហ៊ានប្រកួតជាមួយរូបគេនោះទេ បច្ចុប្បន្ននេះ រូបគេត្រូវបង្ខំចិត្តប្រកួតលើប្រភេទទំងន់ចាប់ពី ៦២ គីឡូក្រាមឡើង ទើបអាចចាប់គីឡូប្រកួតបាន ហើយកាលពីប៉ុន្មានថ្ងៃមុនទើបតែប្រកួតឈ្នះគេ១ម៉ឺន៥សែនបាត ដោយប្រកួតដាក់ដើមផាន់តអោយដៃគូ១៥គីឡូ ពោលគឺ ទួនប៉េ ៦០គីឡូ ចំណែកឯដៃគូ៧៥គីឡូ។
ជាមួយគ្នានោះ កាលពីប្រកួតក្នុងកម្មវិធី Max Muay Thai កន្លងទៅថ្មីៗនេះដែរ កីឡាករដែលមានដើមកំណើតខ្មែរបុរីរម្យទរូបនេះ ត្រូវបានលោកអាជ្ញាកណ្តាលបញ្ឈប់ការប្រកួតដោយសារតែបែកធំពេក។ តែបើនិយាយអំពីការប្រកួតជាមួយកីឡាករគុនខ្មែរវិញ ទួន ប៉េ នៅតែមានបំណងចង់ប្រកួតសងសឹកជាមួយសិស្សប្អូន ឈុត សេរីវ៉ាន់ថង ជាលើកទី៣ ព្រោះប្រកួតចាញ់២លើកកន្លងមកនៅតែមិនទាន់អស់ចិត្តនៅឡើយ៕