CR7 និង Messi រកបានគ្រាប់បាល់ក្នុងជំនួបមិត្តភាព
Cristiano Ronaldo រកបានពីរគ្រាប់ហើយ Lionel Messi ក៏រកបានមួយគ្រាប់ដែរ ក្នុងការប្រកួតមិត្តភាពអន្តរជាតិដែល Paris St-Germain បានយកឈ្នះលើក្រុម Riyadh All-Star XI ដោយលទ្ធផល ៥ទល់នឹង៤ នៅអារ៉ាប៊ីសាអ៊ូឌីត។
Lionel Messi ជាអ្នកទាត់ចូលបញ្ចូលទីឲ្យក្រុមមកពីបារាំងនាំមុខមុនក្នុងនាទីទី៣។ Cristiano Ronaldo បានទាត់បាល់១១ម៉ែត្រចូលទីតាមស្មើ។ Juan Bernat របស់ PSG បានកាតក្រហមក្នុងនាទី៣៩ ក្រោយយកជើងទាក់កីឡាកររបស់គូប្រជែង។
ប្រធានក្រុម Marquinhos បានទាត់បញ្ចូលទីឲ្យ PSG នាំមុខក្នុងនាទី៤៣ ហើយ៥នាទីក្រោយមក Neymar មានឱកាសទាត់បាល់១១ម៉ែត្រ តែមិនចូល។ Ronaldo បានទាត់បញ្ចូលទីតាមស្មើក្នុងនាទី៥០។ ៣នាទីក្រោយ Kylian Mbappe បានញាក់កីឡាករ Riyadh យ៉ាងល្អ ហើយបញ្ជូនឲ្យ Sergio Ramos ទាត់បញ្ចូលទីបានសម្រេច។
ខ្សែបម្រើកូរ៉េខាងត្បូង Jang Hyun-soo មកពី Al Hilal បានតែតបញ្ចូលទីតាមស្មើក្នុងនាទី៥៦។ ក្រោយមក Mbappe និង Hugo Ekitike បន្ថែមម្នាក់មួយគ្រាប់ទៀត។ យ៉ាងណា ចុងម៉ោងទៅហើយ Talisca បានទាត់ពីចម្ងាយគ្រាប់ទី៤សម្រាប់ Riyadh All Star XI៕