Chris Smalling សំរេចចិត្តចាកចេញពីបិសាចក្រហម ហោះទៅប្រឡូកក្នុងទឹកដីអ៊ីតាលី
ក្រុមចចក Roma បានបន្ថែមសមាជិកខ្សែការពារថ្មីមួយទៀតនៅរដូវកាលថ្មីនេះ ក្រោយពេលដែល Chris Smalling បានពិភាក្សាម៉ត់ចត់ជាមួយក្រុមការងាររបស់បិសាចក្រហមដើម្បីធ្វើដំណើរទៅកាន់ប្រទេសអ៊ីតាលី។
ខ្សែការពារជនជាតិអង់គ្លេសបានសំរេចចិត្តចាកចេញពីបិសាចក្រហម Manchester United ទៅកាន់ចចក AS Roma ក្នុងលក្ខ័ណខ្ចីជើងមួយរដូវកាល រួមជាមួយការបង់ថ្លៃផ្ទេរចេញចំនួន ៣លានផោន។
ក្នុងលក្ខ័ណនេះមិនមានការទិញផ្តាច់ពេលបញ្ចប់កុងត្រាឡើយ ហើយពួកគេនិងត្រៀមទទួលខ្សែការពារវ័យ ២៩ឆ្នាំឆាប់ៗក្រោយពេលពិនិត្យសុខភាពរួចរាល់។
អតីតកីឡាកររបស់ Fulham រូបនេះបានចូលរួមជាមួយបិសាចក្រហមក្នុងឆ្នាំ ២០១០ ដោយចាប់ផ្តើមប្រកួតទល់និង West Ham ជាមួយលទ្ធផលជ័យជំនះ ៣-០។ អំឡុងពេលជាង៩ឆ្នាំមកនេះ ខ្សែការពារឈាមជ័រចាម៉ៃការ ចូលលេងបាន ២០៩ប្រកួតនិងរកគ្រាបបាល់ ១២គ្រាប់។
Smalling ក៏នៅសល់កុងត្រាជាមួយ Manchester United រហូតដល់ឆ្នាំ ២០២២ឯណោះ៕