កីឡាករវ័យក្មេងនៅ Premier League គួរតែគិតគូរពីការវិនិយោគនៅពេលអនាគតដើម្បីជៀសវាងហានិភ័យហិរញ្ញវត្ថុ
(BC-99)
កាលពីម្សិលម៉ិញ MSR បានលើកយករួចមកហើយនូវរឿងរ៉ាវ Hector Bellerin កីឡាករ Arsenal ដែលបាននិយាយពីការជំរុញនិងលើកទឹកចិត្តអោយរូបគេក្លាយជាតារាបង្ហាញម៉ូដដោយអតីតមិត្តរួមក្រុមនិងជាគ្រូបង្វឹកនាពេលបច្ចុប្បន្នលោក Mikel Arteta។ នៅថ្ងៃនេះយើងសូមលើកយកពីតំបូន្មានរបស់កីឡាករអេស្ប៉ាញវ័យ២៥រូបនេះប្រាប់ដល់កីឡាករឯទៀតនៅ Premier League វិញម្តងអោយគិតគូរពីការវិនិយោគនៅថ្ងៃអនាគតដើម្បីជៀសវាងហានិភ័យហិរញ្ញវត្ថុដែលអាចកើតឡើងនៅពេលណាមួយ។
លោកអ្នកមិនអាចប្រកែកបានទេថាខ្សែការពាររបស់ក្រុម Arsenal ម្នាក់នេះគឺជាកីឡាករដែលលេងម៉ូដសម្លៀកបំពាក់ដ៏ទាន់សម័យបំផុត ជាពិសេសគឺនៅ Premier League តែម្តង។ ម៉ូតសំលៀកបំពាក់ប្រណិតៗប្លែកៗគឺជាចំណូលចិត្តរបស់ Bellerin ហើយរូបគេកំពុងតែធ្វើអោយមានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់អ្នកគាំទ្របាល់ទាត់។
ដោយបានធ្វើការយ៉ាងជិតស្និទ្ធជាមួយភ្នាក់ងារទីផ្សារ B-Engaged និងបានវិនិយោគផ្ទាល់ដោយភាពឈ្លាសវៃផងនោះបានធ្វើអោយ Bellerin មិនភ័យព្រួយចំពោះអនាគតរបស់ខ្លួនប្រសិនជាគេមិនអាចទាត់បាល់តទៅទៀតបាន។
កីឡាករនាំរូបនេះបានប្រាប់ talkSPORT ថា“ ខ្ញុំបានក្លាយជាទីប្រឹក្សាមួយរូបដែលមានកីឡាករជាច្រើនបានមករកខ្ញុំដោយផ្ទាល់ ហើយពួកគេបានសុំយោបល់ខ្ញុំអំពីការចូលរួមជាមួយ B-Engaged ។ ខ្ញុំតែងតែផ្តល់ដំបូន្មានដល់ពួកគេ កុំអោយរង់ចាំដល់វ័យ ៣០ ឆ្នាំឬរហូតឈប់ពីអាជីពបាល់ទាត់ទើបទៅរកអាជីពមួយទៀតដូចជាធ្វើជាអ្នកបង្ហាញម៉ូដ។ តែអ្នកគួរតែចាប់ផ្តើមគិតគូរវាពីពេលនេះទៅ” ។
ក្នុងន័យនេះ Bellerin ចង់អោយកីឡាករបាល់ទាត់គួរតែមានអាជីពអ្វីមួយផ្សេងទៀតបន្ថែមដោយបានទាញយកបណ្តាញសង្គមដែលមាន Twitter និង Instagram គឺជាឧបករណ៍ទីផ្សារដ៏មានតម្លៃសម្រាប់អ្នករាល់គ្នាដោយគេបាននិយាយយ៉ាងដូច្នេះថា “អ្នកគួរតែសិក្សារអំពីការវិនិយោគយូរអង្វែងសម្រាប់ពេលអនាគត។ ពិតណាស់យើងមិនអាចនៅមួយកន្លែងបានទេ ដូចនេះអ្នកគួរចាប់ផ្តើមធ្វើវាពីពេលនេះទៅ។ ចូរសាកល្បងបង្កើតអ្វីដែលថ្មី និងដាក់ឈ្មោះខ្លួនឯង”។