កីឡាករក្លិប ពុទ្ធសេរីវង្ស ផ្តួល នារាយណ៍តេជៈ ក្លាយជាម្ចាស់ ក្លិបជើងឯក របស់គោជល់
កីឡាករ ផាន់ សូផាន , ពុទ្ធ ម៉ាណូយ និង ពុទ្ធ សំបូរ បានយកឈ្នះកីឡាកររបស់ក្លិប នរាយណ៍តេជៈគុនខ្មែរ ជួយអោយក្លិប ពុទ្ធសេរីវង្ស របស់ពួកគេក្លាយជាម្ចាស់ជើងឯក ក្នុងកម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់ ក្លិបជើងឯក នាសង្វៀន CNC ។
ការប្រកួតដណ្តើមជើងឯកអមដោយប្រាក់រង្វាន់ពីគោជល់ ពុទ្ធ ម៉ាណូយ របស់ក្លិប ពុទ្ធ សេរីវង្ស បានយកឈ្នះលើកីឡាករ ទូច ប្រុសនុច ដោយពិន្ទុ បន្ទាប់ពីប្រកួតស្វឹតស្វាញពេញ៥ទឹក ។ មិត្តរួមក្លិបរបស់គេ ផាន់ សូផាត ធ្វើបានយ៉ាងល្អក្នុងការប្រកួតបន្តនៅថ្ងៃនោះដោយ ផ្តួលកីឡាករ ចាត់ សីហា អោយបោះបង់ការប្រកួតត្រឹមទឹកទី២ តាមរយៈការទាត់ និងប្រើកណ្តាប់ដៃ ។ គូចុងក្រោយ ពុទ្ធ សំបូរ ក៏ធ្វើបានល្អដូចមិត្តរួមក្លិបរបស់គេទាំងពីរផងដែរ ដោយប្រើកណ្តាប់ដៃផ្តួល រឿម វណ្ណៈ ត្រឹមទឹកទី២ ដើម្បីជួយក្លិប ពុទ្ធសេរីវង្ស ឈ្នះទាំង ៣ នាក់ ។ កីឡាករដែលឈ្នះទទួលបានប្រាក់រង្វាន់ម្នាក់៥០ម៉ឺនរៀល និងក្លិប ពុទ្ធសេរីវង្ស ទទួលបាន៥០ ម៉ឺនរៀល ពីគោជល់ ។
សូមបញ្ជាក់ថា ការប្រកួតអ្នកតស៊ូគុនខ្មែរគោជល់កំពូលជើងឯករដូវកាលទី២ នឹងឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅថ្ងៃសៅរ៍ សប្តាហ៍នេះដោយ កីឡាករ វេន សុភ័ក្រ ត្រូវប៉ះកីឡាករ សូត្រ ខេវិន ចំណែក ឡុង សំណាង ត្រូវជួប សុខ សុវណ្ណ ។ ការប្រកួតគ្រោងធ្វើឡើងនៅថ្ងៃទី ២៨ ខែ ឧសភា ២០២២ នាសង្វៀន CNC ចាប់ពីម៉ោង ៦ល្ងាចតទៅ ៕