
ល្ងាចថ្ងៃអង្គារ នឹងមានការដង្ហែទង់សហព័ន្ធស៊ីហ្គេមមកកម្ពុជា
ម៉ោង៥និង៣០នាទីល្ងាចថ្ងៃអង្គារ ទី២៤ ខែឧសភា នឹងមានការដង្ហែទង់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ពីរដ្ឋធានីហាណូយ ប្រទេសវៀតណាម មកកាន់រាជធានីភ្នំពេញ។
បន្ទាប់ពីចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្បួនដង្ហែនឹងបន្តតាមមហាវិថីសហព័ន្ធរុស្ស៊ី បត់តាមមហាវិថីព្រះនរោត្ដម តាមមន្ទីរពេទ្យអង្គឌួង ឆ្ពោះទៅវិមានឯករាជ្យ ព័ទ្ធជុំវិញសួន និងសំដៅទៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
នេះជាការអបអរដល់ក្រុមអត្តពលិកកម្ពុជាដែលដណ្ដើមបានមេដាយពីស៊ីហ្គេមនៅវៀតណាម និងការទទួលបានទង់ស៊ីហ្គេម ដើម្បីត្រៀមធ្វើម្ចាស់ផ្ទះ២០២៣វិញម្ដង។
គួរដឹងដែរថា គិតត្រឹមព្រឹកថ្ងៃចន្ទ ទី២៣ ខែឧសភា នេះ កម្ពុជាទទួលបានមេដាយមាស៩គ្រឿង, ប្រាក់១៣គ្រឿង និងសំរឹទ្ធិ៤១គ្រឿង សរុប៦៣គ្រឿង៕