ភ្លើងសង្គ្រាមនៅស៊ីរី ធ្វើឲ្យក្មេងស្រីអន្តោប្រវេសន៍ម្នាក់ ក្លាយជាកីឡាការនីតំណាងជនភៀសខ្លួនលើពិភពលោក
Yusra Mardini ជាក្មេងស្រីវ័យ ២០ឆ្នាំ សញ្ជាតិស៊ីរី ដែលភៀសខ្លួនចេញពីប្រទេស ដោយសារភ្លើងសង្គ្រាម មករស់នៅក្នុងប្រទេសអាល្លឺម៉ង់។ នាងបានធ្វើឲ្យពិភពលោក ភ្ញាក់ផ្អើល ក្នុងការបង្ហាញខ្លួនជាលើកដំបូង ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ក្នុងប្រទេសប្រេស៊ីល កាលពីឆ្នាំ ២០១៦ ដោយបានទទួលជ័យជម្នះលើវិញ្ញាសារហែលទឹក Butterfly heat។ ហើយបន្ទាប់មកនៅឆ្នាំ ២០១៧ នាងត្រូវបានអង្គការសហប្រជាជាតិផ្នែកជនភៀសខ្លួន តែងតាំងជាឯកអគ្គរដ្ឋទូតសុឆន្ទៈវ័យក្មេងជាគេបង្អស់ តំណាងការសង្គ្រោះជនភៀសខ្លួន។
ថ្លែងប្រាប់សារព័ត៌មាន CNN នាង Yusra Mardini បាននិយាយថា នាងមិនមែនត្រឹមតែតំណាងជនភៀសខ្លួនស៊ីរីនោះទេ គឺនាងតំណាងជនភៀសខ្លួនរាប់លាននាក់នៅទូទាំងពិភពលោក។
សូមបញ្ជាក់ថា ផ្ទះរបស់នាង Mardini ក្នុងទីក្រុងដាម៉ាស ត្រូវបានបំផ្លាញដោយសារសង្គ្រាមស៊ីវិល ក្នុងប្រទេសស៊ីរី ហើយនាង និងបងស្រីរបស់នាង បានសម្រេចចិត្តភៀសខ្លួនចេញពីប្រទេសស៊ីរី កាលពីឆ្នាំ ២០១៥។ នាងបានឆ្លងកាត់ ប្រទេសលីបាណុន បន្ទាប់មកប្រទេសតួកគី ហើយធ្វើដំណើរតាមទូកជាមួយជនអន្តោប្រវេសន៍ផ្សេងទៀត កាត់ប្រទេសក្រិក។ ពេលធ្វើដំណើរតាមទូកនោះ ដោយសារតែមានផ្ទុកចំនួនមនុស្សលើសចំណុះទើបធ្វើឲ្យទូក ត្រូវលិច ហើយបន្ទាប់មកនាង Mardini បានខិតខំហែលឆ្លងទឹកសមុទ្រយ៉ាងលំបាកលំបិនជាមួយបងស្រីរបស់នាង រហូតដល់តំបន់អឺរុប និងចុងក្រោយបានតាំងទីក្នុងប្រទេសអាល្លឺម៉ង់។
ទោះជាស៊ីរី បានធ្វើឲ្យនាងបាត់បង់ផ្ទះសម្បែង និងត្រូវភៀសខ្លួនយ៉ាងលំបាក ប៉ុន្តែនាង Mardini បានកាន់ទង់ជាតិស៊ីរី ចូលរួមនៅក្នុងព្រឹត្តិការណ៍កីឡាផ្សេងៗផ្នែកហែលទឹក ដោយមានជំនួយពីគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់។ ហើយនៅក្នុងការចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិក នៅទីក្រុងតូក្យូ នាឆ្នាំ ២០២០ខាងមុខ នាងបានឲ្យដឹងទោះបីជានាងកាន់ទង់ជាតិអ្វីក៏ដោយ នាងនឹងតំណាងជនភៀសខ្លួនទាំងអស់លើពិភពលោក៕
ប្រភពពី៖ CNN