ប៊ន ណារិទ្ធ រំឭកមូលហេតុក្លាយជាអ្នកប៉ះសេ
សមាជិកក្លិបបាល់ទះក្រសួងមហាផ្ទៃ ប៊ន ណារិទ្ធ បានលើកឡើងពីមូលហេតុដែលខ្លួនសម្រេចចិត្តជ្រើសរើសយកជំនាញជាអ្នកបញ្ជូនបាល់ ព្រោះដំបូងឡើយ ដោយសារតែឃើញចំនួនស្មាត់មានច្រើនលើសលប់ក្នុងក្លិប តែមានអ្នកប៉ះសេតែម្នាក់។ ម្យ៉ាងកម្ពស់នៅស្ទើជាងមិត្តរួមក្រុមបន្តិច ធ្វើឲ្យគេចាប់អារម្មណ៍លើការហ្វឹកហាត់បញ្ជូនបាល់ ។
ប៊ន ណារិទ្ធ រំឭកបែបនេះ ៖ ពីដំបូងឡើងប្រវត្តិដែលខ្ញុំចាប់ផ្តើមនូវជំនាញប៉ះសេនេះទីមួយ ពេលដែលខ្ញុំមកដំបូងគឺ ខ្ញុំសុំគ្រូចូលមកដំបូងគឺកំពស់ខ្ញុំស្ទើ ដំបូងកំពស់ខ្ញុំស្ទើ ខ្ញុំបានតែ ១.៨៣ម៉ែត្រទេ ហើយឃើញស្មាត់ ហាត់ស្មាត់ច្រើនមែនទែន បងៗហាត់ស្មាត់ប្រហែលចង់ម្ភៃនាក់កាលមកដំបូង ហើយបងប៉ះសេគឺមានតែម្នាក់ទេ កាលហ្នឹងគឺ បង ម៉ក់ រាដូ ដល់ពេលអ៊ីចឹងទៅកន្លែងជំនាញប៉ះសេក៏ខ្វះ អញ្ចឹងទៅក៏ខ្ញុំគិតថា ខ្ញុំដាក់ចិត្តថាប៉ះសេហ្នឹងហ្មង ព្រោះបងដូមានអាយុរាងច្រើនដែរ ហើយយើងចង់ជំនួសកន្លែងរបស់គាត់បាន ក៏សម្រេចដាក់គោលដៅ ខិតខំប្រឹងប្រែងហាត់ប៉ះសេដល់ឥឡូវ។”
ណារិទ្ធបន្តថា ការលេងតួនាទីជាអ្នកបញ្ជូនបាល់មានការលំបាកខ្លាំង ព្រោះត្រូវតែមានបច្ចេកទេសខ្ពស់ទៅឲ្យស្មាត់ដើម្បីវាយផ្តាច់ បើទោះបីជាបាល់ដែលទទួលបានពីអ្នកចាប់សេវ៉ាមិនល្អក៏ដោយ ។ លើសពីនេះត្រូវតែមានភាពឆ្លាសវៃក្នុងការសម្រេចចិត្តបញ្ជូនបាល់ទៅស្មាត់ណាមួយ ដើម្បីគេចពីរបាំងរបស់គូប្រកួត ។
គួររំឭកថា ប៊ន ណារិទ្ធ ក៏ធ្លាប់ជាប់ឈ្មោះចូលហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិ ក្រោមការដឹកនាំរបស់គ្រូបង្គោលជនជាតិចិន Lee Jun ហើយបានចេញទៅហាត់នៅប្រទេសថៃ និង ចិន កាលពីឆ្នាំ២០១៩ផងដែរ ៕