ក្រុមវាយកូនបាល់កម្ពុជាឡើងទៅកម្រិត៣ ក្រោយឈ្នះសិង្ហបុរីវគ្គផ្ដាច់ព្រ័ត្រ Davis Cup
ក្រុមកីឡាវាយកូនបាល់ជម្រើសជាតិកម្ពុជា បានឡើងទៅកាន់កម្រិត៣ ប្រចាំតំបន់អាស៊ី/អូសេអានី (Asia/Oceania Group III) ប្រចាំព្រឹត្តិការណ៍ Davis Cup 2022 តាមរយៈជ័យជម្នះលើនះក្រុមជម្រើសជាតិសិង្ហបុរី ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅក្រុង Isa Town ប្រទេសបារ៉ែន កាលថ្ងៃសៅរ៍ ទី២២ ខែតុលា។
ការទទួលបានឱកាសឡើងទៅប្រកួតនៅកម្រិត៣ ប្រចាំតំបន់អាស៊ី/អូសេអានីនេះ ស្របពេលក្រុមកីឡាវាយកូនបាល់កម្ពុជា ដែលឈរលេខ១ ពូល A បានតតាំងជាមួយក្រុមជម្រើសជាតិសិង្ហបុរី ដែលឈរលេខ១ ពូល B ក្នុងវគ្គផ្ដាច់ព្រ័ត្រកម្រិត៤ លើជ័យជម្នះ ២-១។ លទ្ធផលមានដូចតទៅ៖
ការប្រកួតទី១ ឯកត្តជន:
ជាការប្រកួតរវាងកីឡាករខ្មែរ-អាមេរិក Mathew Krusling បានចាញ់កីឡាករសិង្ហបុរី Shaeed Alam ដោយលទ្ធផល ២សិត១។ សិតទី១ Mathew Krusling បានចាញ់ពិន្ទុ ១-៦ ចូលសិតទី២ Mathew Krusling បានវាយបកយកឈ្នះវិញ ៦-២ តែសិតទី៣ កីឡាករសិង្ហបុរី បានត្រលប់យកឈ្នះ ៤-៦។
ការប្រកួតទី២ ឯកត្តជន:
កីឡាករជើងខ្លាំងកម្ពុជា ប៊ុន កេន្នី ធ្វើបានយ៉ាងល្អជូនកម្ពុជា ដោយយកឈ្នះ ២សិត០ លើកីឡាករសិង្ហបុរី Roy Hobbs ក្នុងពិន្ទុ ៦-៣ និង ៦-៣។
ការប្រកួតទី៣ វាយគូ:
ការប្រកួតកាត់សេចក្ដី លើវិញ្ញាសាវាយគូ បន្ទាប់ពីក្រុមទាំងពីរ ឈ្នះ១ ចាញ់១ លើវិញ្ញាសាឯកត្តជននេះ ក្រុមកម្ពុជា គឺមានកីឡាករខ្មែរ-បារាំង ប៊ុន កេន្នី ចាប់ដៃគ្នាជាមួយ Mathew Krusling ដោយបានយកឈ្នះកីឡាករសិង្ហបុរី Shaheed Alam និង Ethan Kai Xin Lye ២សិត០ ទៀត ក្នុងពិន្ទុ ៧-៦ និង ៦-២។
ក្រុមដែលឡើងទៅកម្រិត៣ជាមួយកម្ពុជាមានស្រីលង្ការ ដែលបានឈ្នះនៅក្នុង Events A ធ្វើនៅប្រទេសស្រីលង្ការ។
គួរដឹងថា ការប្រកួតកីឡាវាយកូនបាល់កម្រិតពិភពលោក Davis Cup 2022 នេះ កម្ពុជាបានបញ្ជូនកីឡាករ ៥រូបចូលរួម គឺមានកីឡាករ ឡុង សំនៀង, ឃ្លាំង ពន្លក, ប៊ុន កេន្នី (ខ្មែរ-បារាំង), Tep Timothy និង Matthew David Krusling៕