ប្រធានសហព័ន្ធបាល់ទាត់តាមប្រទេសនីមួយៗអាចឈរឈ្មោះបានតែ៣អាណត្តិប៉ុណ្ណោះ
សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បានធ្វើការកំណែទម្រង់នូវលក្ខន្តិកៈថ្មី ដោយប្រធានសហព័ន្ធគ្រប់រូប មានសិទ្ធិដឹកនាំសហព័ន្ធបានត្រឹមតែ ៣អាណត្តិ តែប៉ុណ្ណោះយ៉ាងច្រើនបំផុត ក្នុងមួយជីវិត។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ក្នុងសន្និបាតសហព័ន្ធនៅថ្ងៃសៅរ៍ ទី០៥ ខែមីនា ឆ្នាំ២០២២នេះ។
ឯកឧត្តម ខៀវ សាម៉េត សង្កត់បញ្ជាក់ថា នេះគឺជាច្បាប់ថ្មី ដែល FIFA បានធ្វើកំណែទម្រង់ សម្រាប់គណៈគ្រប់គ្រងសហព័ន្ធគ្រប់បណ្ដាប្រទេសសមាជិកលើពិភពលោក ត្រូវអនុវត្ត ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងការដឹកនាំឲ្យកាន់តែល្អប្រសើរថែមទៀត។ លើសពីនេះ FIFA បានកំណត់រាល់បេក្ខភាពឈរឈ្មោះធ្វើប្រធានសហព័ន្ធ ត្រូវមានអាយុក្រោម ៧០ឆ្នាំ (គិតត្រឹមថ្ងៃឈរឈ្មោះ) ទៀតផង។
ឯកឧត្តម ខៀវ សាម៉េត បានអះអាងថា ក្នុងនាមសមាជិក FIFA សហព័ន្ធប្ដេជ្ញានឹងធ្វើការកែតម្រូវតាមលក្ខន្ដិកៈថ្មីនេះ ឲ្យស្របតាមនិយាមអន្ដរជាតិផងដែរ។
បើតាមដឹងមក ឯកឧត្តម សៅ សុខា បានចូលកាន់តំណែងជាប្រធានសហព័ន្ធបាល់ទាត់កម្ពុជាអំឡុងឆ្នាំ២០១៦-២០១៧៕
រូបភាព ៖ Cambodia 2023