ឯកសណ្ឋានថ្មីបឹងកេតរួមចំណែកការពារបរិស្ថាន
បឹងកេតបានបង្ហាញឯកសណ្ឋានសម្រាប់រដូវកាលថ្មី២០២២ ដែលក្នុងនោះមានឈុតបៃតងដែលត្រូវបានបង្កើតឡើងលាយឡំដោយវត្ថុសំណល់ដែលអាចយកទៅផលិតឡើងវិញបាន ឬហៅថា recycle។
លោក បែ មករា អ្នកចាត់ការក្លិបបឹងកេត ប្រាប់ថា ឆ្នាំនេះ ឯកសណ្ឋានថ្មីរបស់ក្លិបបឹងកេត មិនត្រឹមតែមានភាពស្រស់ស្អាតប៉ុណ្ណោះទេ គឺថែមទាំងបង្កប់អត្ថន័យពិសេស។
ថ្នាកដឹកនាំដដែលបន្តថា ចំណុចពិសេសគឺសាច់អាវត្រូវបានបង្កើតឡើង ដោយកាកសំណល់ផ្សេងៗដែលគេបោះចោល ហើយប្រមូលមកចម្រាញ់ធ្វើជាសាច់ក្រណាត់។ នៅលើផ្ទៃអាវមានបង្កប់នូវរូបដើមស្រល់ រួមជាមួយពណ៌បៃតង ដែលអ្វីទាំងអស់នោះ គឺចង់បង្ហាញបញ្ជាក់អំពីការថែទាំបរិស្ថានរបស់មនុស្សគ្រប់ៗគ្នា។
សម្រាប់ឯកសណ្ឋានថ្មីនេះក៏មានភ្ជាប់លេខ១០ដែលជាខួប១០ឆ្នាំពីការឡើងមកកាន់លីគកំពូលផងដែរ៕