
Chelsea អាចវ៉ៃចេញកីឡាករ៥រូបដើម្បីប្រមូលលុយទិញ Lukaku
Chelsea ចង់បានខ្សែប្រយុទ្ធកម្រិតខ្ពស់មករួមក្រុមនៅរដូវកាលក្រោយ ហើយ Romelu Lukaku ក៏ស្ថិតក្នុងការសម្លឹងឃើញពីក្រុមតោខៀវដែរ។
សារព័ត៌មាន Marca ផ្សាយថា ក្រុមរបស់មហាសេដ្ឋី Roman Abramovich ធ្វើយ៉ាងណាប្រមូលឲ្យបាន៨០លានអឺរ៉ូដើម្បីទិញយក Romelu Lukaku។ ដូច្នេះពួកគេអាចនឹងវ៉ៃចេញកីឡាករ៥រូប រួមមាន Kepa Arrizabalaga, Callum Hudson-Odoi, Ross Barkley, Ruben Loftus-Cheek និង Tammy Abraham។
និយាយពីកីឡាករទាំង៥ខាងលើ មានតែ Hudson-Odoi ទេដែលគ្រូបង្គោល Thomas Tuchel ប្រើច្រើនជាងគេ តែក៏មិនសូវបានលេងប៉ុន្មានទេចុងរដូវកាល។ ចំណែក Barkley និង Loftus Cheek វិញលេងនៅក្លិបផ្សេងលើលក្ខខណ្ឌខ្ចី ខណៈ Kepa និង Abraham មិនស្ថិតក្នុងជម្រើសដំបូងទេ។
ទន្ទឹមនឹងនេះ ការបញ្ចប់ទីមិនបានល្អពី Timo Werner ក៏ជាកត្តាក្រុមលោក Thomas Tuchel ពិចារណារកខ្សែប្រយុទ្ធកម្រិត World Class សម្រាប់រកគ្រាប់បាល់ដែរ។ ក្រៅពី Lukaku ក្រុមរងជើងឯក FA Cup ក៏សម្លឹងទៅ Robert Lewandowski តែមើលទៅ Lukaku អាចសង្ឃឹមយកបានច្រើនជាង។
បើតាមសារព័ត៌មានបែលហ្ស៊ីក HLN ខ្សែប្រយុទ្ធ Inter Milan រូបនេះបានចាប់ផ្ដើមទាក់ទងជាមួយ Chelsea ក្រោយលោក Antonio Conte ចាកចេញ។ Inter Milan កំពុងមានបញ្ហាសេដ្ឋកិច្ច ដែលថ្នាក់ដឹកនាំគ្រោងបន្ថយថវិកា១៥ទៅ២០ភាគរយ។
ទន្ទឹមនឹងនេះ Lukaku ក៏ស្និទ្ធនឹងលោក Conte ថែមទៀត អ៊ីចឹងការចាកចេញរបស់អតីតគ្រូបង្គោល Chelsea រូបនេះពី Inter ក៏អាចប៉ះពាល់ដល់អនាគតរបស់គេដែរ។
Lukaku ធ្លាប់លេងនៅ Chelsea ទាំងក្រុម U23 និងក្រុមធំកាលជិត១០ឆ្នាំមុន តែមិនជោគជ័យទេ។ ប៉ុន្តែការលេងនៅ Inter Milan ២រដូវកាលចុងក្រោយនេះ កីឡាករធ្លាប់លេងនៅ West Brom, Everton និង Man UTD អាចរកបាន៦៤គ្រាប់, assist ១៦ដង ពីការប្រកួត៩៥លើក៕