គិតមកទល់ពេលនេះមាន៦ក្រុមហើយចាំជុំផ្ដាច់ព្រ័ត្រ World Cup 2022
រាប់បញ្ចូលទាំងម្ចាស់ផ្ទះកាតារដែលរង់ចាំក្នុងជុំចុងក្រោយរួចជាស្រេចនោះ ឥឡូវមានក្រុមបាល់ទាត់ជម្រើសជាតិចំនួន៦ហើយដែលបានឡើងទៅកាន់ជុំចុងក្រោយ FIFA World Cup 2022។
ក្រុមថ្មីចំនួន២ គឺបែលហ្ស៊ិក និងបារាំង បានកក់កៅអីរួចរាល់ បន្ទាប់ពីអាល្លឺម៉ង់ដាណឺម៉ាក និងប្រេស៊ីល បានឡើងទៅមុនក្រុមទាំង២។
ជាក់ស្ដែង ក្រុមជម្រើសជាតិបារាំងបានបំបាក់កាហ្សាក់ស្ថាន ដោយលទ្ធផល ៨ទល់នឹង០ ក្នុងវគ្គជម្រុះប្រចាំពូល D។
Kylian Mbappe រកបាន៣គ្រាប់ម្នាក់ឯង ធ្វើឲ្យគេក្លាយជាកីឡាករបារាំងទី១ចាប់តាំងពីឆ្នាំ១៩៨៥ដែលធ្វើបានហ៊ែតទ្រីកក្នុងការប្រកួតលក្ខណៈជម្រុះ (competitive games មិនរាប់បញ្ចូលការប្រកួតមិត្តភាព)។
សរុបការប្រកួត៧ដងប្រចាំពូល D ក្រុមបារាំង មាន១៥ពិន្ទុ លើក្រុមលេខ២ហ្វាំងឡង់៤ពិន្ទុ ខណៈការប្រកួត១លើកទៀត។
ចំណែកបែលហ្ស៊ិកដែលជាក្រុមលេខ១ពិភពលោកវិញ បានយកឈ្នះអេស្តូនី ៣ទល់នឹង១ ឈរកំពូលតារាងពូល E មាន១៩ពិន្ទុពីការប្រកួត៧ដង និងឈរលើក្រុមលេខ២វេលស៍៥ពិន្ទុ។ ការប្រកួតសល់តែ១លើកទៀតប៉ុណ្ណោះ៕