អ្នកចាំទីម្នាក់តាមស្មើឲ្យក្លិបខ្លួននៅនាទី៩០+៧
រឿងរ៉ាវដ៏កម្រមួយបានកើតឡើងក្នុងការប្រកួតជើងឯកជាតិបែលហ្ស៊ិក ដែលធ្វើឡើងដោយអ្នកចាំទី Arnaud Bodart។
អ្នកចាំទីក្លិប Standard Liege រូបនេះបានតាមស្មើឲ្យក្រុមខ្លួន២ទល់នឹង២ក្នុងការប្រកួតនៅថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា។ ដំបូងឡើង Standard ត្រូវបាន Eupen នាំមុខ១ទល់នឹង២ ហើយត្រូវរង់ចាំដល់នាទី៩០+៧ ពេលពួកគេទទួលបានបាល់ហ្វ្រីឃីក។
អ្នកចាំទីវ័យ២២ឆ្នាំបានសម្រេចចិត្តឡើងទៅរកគ្រាប់បាល់នឹងគេដែរ។ ជាសំណាងល្អ មិត្តរួមក្រុមមួយរូបបានទាត់ចំជើង Bodart ហើយរូបគេក៏ទាត់បន្ថែមបញ្ចូលទីតែម្ដង។
នេះជាគ្រាប់បាល់ដំបូងរបស់អ្នកចាំទីក្រុម U21 បែលហ្ស៊ិកដែលមានតម្លៃខ្លួន៤លានផោន។ ក្នុងចំណោម១៨ប្រកួតរដូវកាលនេះ គេរក្សាសំណាញ់មិនចូលសោះ (Clean Sheet)ចំនួន៥ប្រកួត។
១៣ប្រកួតនៅលីគកំពូលបែលហ្ស៊ិក Standard Liege មាន២៣ពិន្ទុ ឈរលេខ៣ នៅពីក្រោមក្រុមកំពូលតារាង Club Brugge ៣ពិន្ទុ៕