ខ្សែបម្រើប៉ូឡូញម្នាក់ក្លាយជាកីឡាករក្មេងជាងគេដែលបានចូលលេងក្នុងការប្រកួត Euro ឆ្នាំនេះ
ខ្សែបម្រើ Kacper Kozlowski បានបំបែកកំណត់ត្រារបស់ Jude Bellingham ក្លាយកីឡាករវ័យក្មេងជាងគេបង្ហាញខ្លួនក្នុងការប្រកួត Euro ពេលប៉ះអេស្ប៉ាញ។
Kacper បានប្ដូរចូលជំនួស Mateusz Klich ក្នុងនាទី៥៥នៃការប្រកួតដែលប៉ូឡូញស្មើអេស្ប៉ាញ១ទល់នឹង១។
Kacper ក្លាយជាកីឡាករវ័យក្មេងជាងគេ គឺក្នុងវ័យ១៧ឆ្នាំ និង២៤៦ថ្ងៃ។ កំណត់ត្រាដំបូងគេក្នុង Euro 2020 នេះគឺ Jude Bellingham របស់អង់គ្លេស ដែលមានវ័យ១៧ឆ្នាំ និង៣៤៩ថ្ងៃ ពេលចូលលេងការប្រកួតឈ្នះក្រូអាត សប្ដាហ៍មុន។
ដូច្នេះ Kacper អាចរក្សាកំណត់ត្រានេះបាន៣ឆ្នាំទៀត ព្រោះគេ គឺជាកីឡាករក្មេងជាងគេត្រូវដែលត្រូវបានកោះហៅចូលក្រុមជម្រើសជាតិក្នុងការប្រកួត Euro 2020 នេះ។
មុនចូលលេងពេលប៉ះអេស្ប៉ាញយប់មិញ Kacper ធ្លាប់បង្ហាញខ្លួនតែមួយលើកគត់សម្រាប់ជម្រើសជាតិប៉ូឡូញ ក្នុងការប្រកួតជម្រុះ World Cup 2022 ក្នុងតំបន់អឺរ៉ុប។
Kacper បច្ចុប្បន្នលេងនៅក្លិប Pogon Szczecin នៃក្របខណ្ឌកំពូលប៉ូឡូញ។ គេកើតក្នុងឆ្នាំ២០០៣ មានកម្ពស់១ម៉ែត្រ៨២ និងអាចលេងច្រើនតំណែង ទាំងបម្រើការពារ បម្រើកណ្ដាល និងបម្រើប្រយុទ្ធ។ បើតាមស្ថាប័ន Transfer Market គេមានតម្លៃខ្លួន៥លានអឺរ៉ូ៕