
Setien ប្ដឹង Barca ទារលុយថ្លៃបញ្ចប់កុងត្រាដែលនៅខ្វះ
លោក Quique Setien បានដាក់ពាក្យបណ្ដឹងប្ដឹង FC Barcelona ពីបទរំលោភបំពានកិច្ចសន្យាពាក់ព័ន្ធនឹងការដកលោកពីតំណែងអ្នកចាត់ការនៅដំណាច់រដូវកាល២០១៩/២០២០កន្លងទៅ ដោយទទូចថា មិនទាន់បានសំណងគ្រប់ចំនួនទេ។
ការដកតំណែងបុរសវ័យ៦២ឆ្នាំបានឆ្លងកាត់ដំណើរការស្មុគស្មាញខ្លាំង ហើយរបាយការណ៍មួយឲ្យដឹងថា លោកមិនពេញចិត្តនឹងចំនួនសំណងកន្លងមកឡើយ។ អតីតអ្នកចាត់ការក្លិប Real Betis រូបនេះបានសម្រេចចិត្តតវាតាមផ្លូវច្បាប់តែម្ដង។
ដោយឡែកក្រុមជំនួយការរបស់លោក Setien ទទួលបានចំនួនពេញចិត្តដែលពួកគេនៅមានសុពលភាពដល់ថ្ងៃទី០៦ ខែវិច្ឆិកា។
បច្ចុប្បន្ន FC Barcelona កំពុងមានបញ្ហាហិរញ្ញវត្ថុដែលឈានដល់ការព្រមព្រៀងបន្ថយប្រាក់ខែបុគ្គលិកទៀតផង។
គួររំឭកថា លោក Quique Setien បានចូលដឹកនាំ FC Barcelona នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ ហើយក្រុមនេះបានបញ្ចប់នៅចំណាត់ថ្នាក់លេខពីរនៃក្របខណ្ឌកំពូលអេស្ប៉ាញ៕