រឿងពិសេសគួរដឹងក្រោយ អ៊ុក ស្រីមុំ ឈ្នះមេដាយមាសប៉េតង់ពិភពលោកយប់មិញ
ដូចទស្សនិកជនបានជ្រាបហើយថា កីឡាការិនី អ៊ុក ស្រីមុំ បានឈ្នះមេដាយមាសប៉េតង់ពិភពលោក ឆ្នាំ២០២១ នៅប្រទេសអេស្ប៉ាញ លើវិញ្ញាសាវាយកពិន្ទុ ឬ shooting។
កីឡាការិនីសម្បូរបទពិសោធរូបនេះបានយកឈ្នះកីឡាការិនីថៃ ដោយលទ្ធផល៣៩ទល់នឹង២៧ ក្នុងវគ្គផ្ដាច់ព្រ័ត្រ។
សូមជម្រាបថា នេះជាលើកទី១ហើយដែលកីឡាការិនី អ៊ុក ស្រីមុំ ឈ្នះមេដាយមាសពិភពលោកលើវិញ្ញាសាវាយយកពិន្ទុ និងជាលើកដំបូងក្នុងការចូលប្រកួតវិញ្ញាសា៤នេះបន្ទាប់ពីការចូលនិវត្តន៍របស់វីរកីឡាការិនី កែ ឡេង។ នេះក៏ជាមេដាយមាសពិភពលោកទី២សម្រាប់កីឡាការិនី អ៊ុក ស្រីមុំ ក្រោយអ្នកស្រីធ្លាប់ឈ្នះលើវិញ្ញាសាឯកត្តជន នៅប្រទេសបែលហ្ស៊ិក កាលឆ្នាំ២០១៧។
នេះជាលើកទី៥ជាប់ៗគ្នាដែលកម្ពុជាទទួលបានមេដាយមាសពិភពលោកលើវិញ្ញាសាវាយយកពិន្ទុ បន្ទាប់ពីអតីតកីឡាការិនី កែ ឡេង ធ្វើបានសម្រេចក្នុងឆ្នាំ ២០១៣, ២០១៥, ២០១៧ និង២០១៩។
អ្នកស្រី កែ ឡេង បានចូលនិវត្តន៍ទៅហើយក្នុងឆ្នាំ២០២០ កន្លងទៅ ហើយកីឡាការិនី អ៊ុក ស្រីមុំ ក៏ត្រូវបានជ្រើសរើសដើម្បីស្នងតំណែងរៀមច្បងរបស់ខ្លួន។
គួរបញ្ជាក់ថា ក្រុមកីឡាការិនីកម្ពុជាកំពុងចូលរួមការប្រកួតជើងឯកពិភពលោក ឆ្នាំ២០២១ នៅប្រទេសអេស្ប៉ាញ។ កម្ពុជាប្រកួតលើ២វិញ្ញាសា គឺ៣ទល់នឹង៣ និងវាយយកពិន្ទុ។ ក្រៅពីការវាយយកពិន្ទុ កីឡាការិនី អ៊ុក ស្រីមុំ ក៏ចូលរួមប្រកួត៣ទល់នឹង៣ រួមក្រុមជាមួយកីឡាការិនី អ៊ុន ស្រីយ៉ា, ស្រ៊ាង សុរ៉ាឃីម និងឃួន យ៉ារី។ ចប់ការប្រកួតផ្នែកនារី ក្រុមផ្នែកបុរសកម្ពុជានឹងចូលរួមជាបន្ត៕