Julian Nagelsmann ជាគ្រូ Bayern Munich ទី១ដែលឈ្នះ៩ដងក្នុង១០ប្រកួតដំបូង
លោក Julian Nagelsmann ទទួលបានជ័យជម្នះ៩ដងក្នុងចំណោម១០ប្រកួតដំបូងនៅ Bayern Munich ក្រោយផ្ដួល Dynamo Kyiv ដោយលទ្ធផល៥ទល់នឹង០ ក្នុងការប្រកួតចែកពូល UEFA Champions League នៅថ្ងៃពុធ ទី២៩ ខែកញ្ញា។
បើតាមស្ថាប័ន Opta គ្រូបង្វឹកវ័យ៣៤ឆ្នាំ ជាគ្រូបង្គោល Bayern Munich ទី១ដែលឈ្នះ៩ដងក្នុងចំណោម១០ប្រកួតដំបូងរបស់ខ្លួន។ លោកបានចូលដឹកនាំក្រុមជើងឯកអាល្លឺម៉ង់ដើមរដូវកាល២០២១/២០២២ នេះ ជំនួសលោក Hansi Flick ដែលទៅធ្វើគ្រូធំជម្រើសជាតិអាល្លឺម៉ង់។
ជាលើកទី១ក្នុងរយៈពេល២១ឆ្នាំដែល Bayern ជួប Dynamo Kyiv ក្នុងពានរង្វាន់ UEFA Champions League។ នេះជាជ័យជម្នះ២លើកជាប់គ្នាចាប់តាំងពីបើកពូលរដូវកាលថ្មី ដោយលើកទី១ ពួកគេឈ្នះ Barcelona ០ទល់នឹង៣។
Robert Lewandowski រកបាន២គ្រាប់ ហើយសារព័ត៌មាន Goal បង្ហាញថា ខ្សែប្រយុទ្ធប៉ូឡូញរូបនេះបានបន្តរកគ្រាប់បាល់ក្នុងដីជាប់ៗគ្នាមិនដែលខានក្នុងឆ្នាំ២០២១។ នេះក៏ជាគ្រាប់ទី២៤ក្នុងចំណោម១៨ប្រកួតចុងក្រោយនៅ Champions League៕