Usain Bolt ថ្លែងអំណរគុណ Sir Alex ដែលបានជួយយក Ronaldo ត្រឡប់មកវិញ
(BC-99)
Usain Bolt បានថ្លែងអំណរគុណដល់ Sir Alex Ferguson ចំពោះការជួយជ្រោមជ្រែងបញ្ចុះបញ្ចូល Cristiano Ronaldo ឱ្យត្រឡប់មកកាន់ក្លិបបិសាចក្រហម Manchester United វិញ ។
Usain Bolt ដែលជាម្ចាស់មេដាយមាសអូឡាំពិក៨គ្រឿងនិងជាអ្នកកាន់កាប់កំណត់ត្រារត់ប្រណាំង១០០ម៉ែត្រលឿនជាងគេត្រូវបានគេឃើញទៅចូលរួមទស្សនាការប្រកួតរវាងក្រុមបិសាចក្រហម Manchester United និង Villareal ក្នុងកម្មវិធីពានរង្វាន់ UEFA Champions League កាលពីយប់ម៉ិញនេះ។
ក្រោយពីការប្រកួតដែលបានបញ្ចប់ទៅដោយ Ronaldo ជាអ្នកស៊ុតយកឈ្នះទៅលើក្រុមភ្ញៀវឱ្យ Man Utd រកបាន៣ពិន្ទុជាលើកដំបូង Usain Bolt ដែលជាអ្នកគាំទ្របិសាចក្រហមម្នាក់ដែរនុះបាននិយាយប្រាប់អ្នកសារព៌ត៌មានថា៖ “ខ្ញុំទើបតែបានជួប Alex Ferguson នៅខាងក្នុង ហើយខ្ញុំបានអរគុណគាត់ដែលបាននាំ Cristiano ត្រឡប់មកវិញ ខ្ញុំសប្បាយចិត្តណាស់។ ខ្ញុំខានមក Old Trafford មួយរយៈហើយ នៅពេលនេះខ្ញុំមានក្តីរីករាយដូចអ្នករាល់គ្នាដែលបានមកមើលការប្រកួតនេះ” ។
Manchester United បានបាត់បង់ពិន្ទុដ៏សំខាន់របស់ខ្លួននៅក្នុងថ្ងៃបើកឆាកទៅឱ្យក្រុម Young Boys តែរកបាន៣ពិន្ទុមកវិញពីគូប្រជែងវគ្គផ្តាច់ព្រ័ត្រ EUROPA League Villareal កាលពីរដូវកាលមុនដែលធ្វើឱ្យពួកគេមានភាពកក់ក្តៅឡើងវិញមុននិងប្រកួតលើកទី៣ជាមួយក្រុម Atalanta នៅថ្ងៃទី ២១ តុលា ខាងមុខនេះ។