Juventus និង PSG ឈ្នះជើងឯក Cup ក្នុងប្រទេសរៀងៗខ្លួន
Juventus បានក្ដោបក្ដាប់ពានរង្វាន់ Coppa Italia រដូវកាល២០២០/២០២១ ក្រោយឈ្នះ Atlanta ក្នុងវគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃពុធ ទី១៩ ខែឧសភា ដោយលទ្ធផល២ទល់នឹង១ពីមុខអ្នកគាំទ្រ៤៣០០នាក់។
Dejan Kulusevski បានទាត់មួយជើងឆ្វេងកោងផុតដៃអ្នកចាំទី បើកការនាំមុខដល់ក្រុមសេះបង្កង់ក្នុងនាទី៣១។ ប៉ុន្តែ១០នាទីក្រោយមក Atlanta តាមស្មើវិញពីគ្រាប់បាល់របស់ Ruslan Malinovskyi។
គ្រាប់ជ័យជម្នះរបស់ Juventus កើតឡើងក្នុងនាទី៧៣ពីការទាត់បញ្ចូលទីដោយ Federico Chiesa។ នេះជាពានរង្វាន់ទីមួយក្នុងនាមអ្នកចាត់ការ Juventus សម្រាប់លោក Andrea Pirlo និងជាជើងឯក Coppa Italia ទី១៤របស់ក្រុម។
នៅបារាំងឯណោះវិញ Paris Saint Germain បានយកឈ្នះ AS Monaco ២ទល់នឹង០ ឈានទៅក្រសោបយកពានរង្វាន់ French Cup 2021។
Mauro Icardi និង Kylian Mbappe ជាអ្នករកគ្រាប់បាល់សម្រាប់ក្រុមមានមូលដ្ឋាននៅរដ្ឋធានីប៉ារីស។ នេះជាលើកទី១៤ហើយដែលក្រុមចាយលុយធំមួយនេះលើកពានរង្វាន់ French Cup៕