រឿងរ៉ាវពិសេសៗក្រោយ Arsenal ឈ្នះ Liverpool យកពាន Community Shield
Arsenal បានលើកពានរង្វាន់ Community Shield រដូវកាល២០២០/២០២១ ក្រោយឈ្នះ Liverpool ដោយបាល់កាត់សេចក្ដី១១ម៉ែត្រនៅថ្ងៃសៅរ៍ ទី២៩ ខែសីហា នាកីឡដ្ឋាន Wembley។
មុនឈានដល់ការទាត់១១ម៉ែត្រនេះ ក្រុមទាំងពីរស្មើគ្នា១ទល់នឹង១ ដែលក្រុមកាំភ្លើងធំរកគ្រាប់បាល់បានមុនពីខ្សែប្រយុទ្ធ Pierre Emerick Aubameyang នៅនាទី១២។ ចូលដល់វគ្គទីពីរនាទី៧៣ Takumi Minamino តាមស្មើបានវិញសម្រាប់ក្រុមជើងឯក Premier League។
ក្រោយការប្រកួតនេះត្រូវបានបញ្ចប់ យើងទៅអានរឿងរ៉ាវចំនួន៨ចំណុចទាំងអស់គ្នា ៖
១. Arsenal បានឈ្នះពានរង្វាន់ Community Shield ជាលើកទី ១៦ (រាប់បញ្ចូលទាំងសហជើងឯក) ច្រើនជាង Liverpool មួយលើក (១៥ ដង) និងតាមតែពីក្រោយ Manchester United មួយប៉ុណ្ណោះ (២១ដង) ។ ក្រុមកាំភ្លើងធំ Arsenal បានឈ្នះពានរង្វាន់នេះចំនួន ៤ ដងក្នុងចំណោម ៧ រដូវកាលចុងក្រោយ។
២. Liverpool គឺជាក្រុមដំបូងគេដែលចាញ់ការប្រកួតដោយបាល់ប៉េណាល់ទីពីរឆ្នាំជាប់គ្នា។ នេះក៏ជាលើកទីមួយដែលហង្សក្រហមបានចូលរួមក្នុងការប្រកួតប្រជែងពីរដងជាប់គ្នាដោយមិនបានឈ្នះសោះ (រួមទាំងការចែកពានរួមគ្នា) ចាប់តាំងពីការប្រកួតឆ្នាំ ១៩៨៣ និង ១៩៨៤ ។
៣. Arsenal បានឈ្នះពានរង្វាន់ Community Shield ក្នុងនាមជាម្ចាស់ជើងឯក FA Cup ចំនួន ៧ ដង (រាប់បញ្ចូលទាំងឆ្នាំដែលឈ្នះទាំង Premier League និង FA Cup) ច្រើនជាងក្រុមដទៃទៀត។ ជ័យជម្នះនៅ Community Shield ៤លើកចុងក្រោយរបស់ពួកគេគឺសុទ្ធតែក្នុងនាមម្ចាស់ពាន FA Cup។
៤. ពួកគេគឺជាក្រុមទីពីរហើយដែលឈ្នះ Community Shield ដោយការទាត់បាល់ប៉េណាល់ទីច្រើនជាងមួយដង បន្ទាប់ពី Manchester United (៥ ដង) ។
៥. Arsenal បានឈ្នះការប្រកួតដោយការទាត់១១ម៉ែត្រ៩ដងក្នុងចំណោមការប្រកួត ១១ លើកចុងក្រោយ ក្នុងនោះរាប់បញ្ចូលទាំងការឈ្នះនៅ Community Shield។ ជាមួយគ្នានេះដែរ Liverpool បានចាញ់៣លើកក្នុងចំណោមការទាត់១១ម៉ែត្រ៥លើកចុងក្រោយ ដោយបូកទាំងការប្រកួត Community Shield ពីរលើក។
៦. បច្ចុប្បន្ន Aubameyang តាមស្មើកំណត់ត្រារបស់ Alexis Sanchez ក្នុងនាមជាអ្នកទាត់បញ្ចូលទីច្រើនជាងគេឲ្យ Arsenal នៅ Wembley (៥គ្រាប់ដូចគ្នា) ។ គ្រាប់បាល់ទាំង៥របស់ Aubameyang កើតឡើងក្នុងរយៈពេលតែ ៤២ ថ្ងៃប៉ុណ្ណោះ។
៧. មានតែ Kevin De Bruyne (២២ដង) និង Trent Alexander-Arnold (១៥ដង) ប៉ុណ្ណោះដែលបានបញ្ជូនឲ្យមិត្តរួម (Assist) ចាប់តាំងពីផ្តើមរដូវកាលមុនច្រើនជាង Bukayo Saka របស់ Arsenal ដែលមាន១៣ដង។ គិតពីគ្រប់កម្មវិធីសម្រាប់ក្រុមនៅ Premier League។
៨. Minamino ទាត់ចូលលើកដំបូងសម្រាប់ Liverpool និងលើកដំបូងរបស់គេនៅ Wembley ពីការបង្ហាញខ្លួនលើកទី ១៥ ពីគ្រប់កម្មវិធី និងពីការព្យាយាមទាត់១២ដង៕